2023-12-03 01:12
224

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារាចរណែនាំ ស្តីពី ការរៀបចំទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌» នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ឲ្យគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរដែនដី ត្រូវរៀបចំចាត់ចែងអនុវត្ត ក្នុងស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
   សូមជម្រាបថា ទិវាជនមានពិការភាពអន្តរជាតិ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុងសង្គម របស់ជនមានពិការភាព ប្រមាណ  ១,៣ពាន់លាននាក់ នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនបាត់បង់កាយសម្បទា ញាណដឹង និង សតិបញ្ញា ហើយតែងតែជួបប្រទះឧបសគ្គរារាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃចាប់ពីឆ្នាំ១៩៥០ រហូតដល់បច្ចុប្បន្នសំដៅផ្លាស់ប្ដូរស្ថានភាពរស់នៅរបស់ពួកគាត់ និងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់លើសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងការធ្វើបរិយាបន្នពិការភាពទៅគ្រប់សកម្មភាព និងគ្រប់វិស័យក្នុងសង្គម រួមមាន «សកម្មភាពនយោបាយ, សេដ្ឋកិច្ច, សង្គម, វប្បធម៌, សិល្បៈ និងកីឡា»។
   សម្រាប់ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាជនមានពិការភាពកម្ពុជាឡើងដើម្បីរំលឹកអំពីមហាវិនាសកម្ម នៃរបបប្រល័យពូជសាសន៍ «ប៉ុល ពត» ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះ រួមមាន ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា។ មរតកនៃសង្គ្រាម ក៏បានបន្សល់ទុកនូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះជាច្រើនរាយប៉ាយ ពាសពេញផ្ទៃប្រទេស ជាពិសេសគ្រាប់បែកចង្កោមមានផ្ទុកសារជាតិគីមីដែលបានរកឃើញជាច្រើននៅកម្ពុជា។ ក្រៅពីនោះ ប្រជាជនកម្ពុជា ក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀតដែលនាំឱ្យមានពិការភាព ដូចជា គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ ការងារ ពិការភាពពីកំណើត ចាស់ជរា ជំងឺរ៉ាំរ៉ៃ និងមូលហេតុផ្សេងៗទៀត។
ដើម្បីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំចាត់តាំង ដូចតទៅ៖
១. ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ត្រូវប្រារព្ធក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»។
២. ក្រសួងព័ត៌មាន ត្រូវសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ ណែនាំប្រព័ន្ធឃោសនារដ្ឋ និងឯកជន ឱ្យធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូល ឱ្យបានយល់ជ្រួតជ្រាបអំពីប្រវត្តិនៃទិវាជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្តរជាតិ ៣ធ្នូ។
៣. គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ដៃគូពាក់ព័ន្ធ ត្រូវរៀបចំពិធីមីទ្ទង ពិធីជួបសំណេះសំណាលជាមួយ ជនមានពិការភាព កម្មវិធីកម្សាន្ដសប្បាយសម្រាប់ជនមានពិការភាពនៅតាមក្រសួង ស្ថាប័ន រដ្ឋបាល រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលនៅក្នុងមូលដ្ឋានរៀងៗខ្លួន។
៤. ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិជនពិការ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិនិងអន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវសហការរៀបចំពិធីមីទ្ទងថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់ជនមានពិការភាពនៅរាជធានីភ្នំពេញ។
៥. គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈនិងឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរដែនដី ត្រូវរៀបចំចាត់ចែងអនុវត្ត ក្នុងស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕