2023-12-04 01:12
179

រតនគិរី៖       មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតគិរីម្នាក់ ដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកជិតខាង និងសមត្ថកិច្ចមូលដ្ឋាន ខណ:មិនដែលឃើញជនរងគ្រោះចេញមកខាងក្រៅជាច្រើនថ្ងៃ។ 

 ករណីភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចបន្ទប់ផ្ទះជួលរបស់ម្ចាស់ឈ្មោះ អុន សំអុល ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។​ 

សពជនរងគ្រោះមានឈ្មោះ ហ៊ឹប លេខ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី និងមានស្រុកកំណើតខេត្តបាត់ដំបង ខណៈពេលនេះសមត្ថកិច្ចមិនអាចស្វែងរកការទាក់ទងសាច់ញាតិនិងក្រុមគ្រួសារបានឡើយ។​

 តាមការបំភ្លឺរបស់សាក្សីជាម្ចាស់បន្ទប់ជួល បានឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុម្ចាស់បន្ទប់បានហៅទូរសព្ទទៅជនរងគ្រោះជាច្រើនលើក ប៉ុន្តែគ្មានអ្នកទទួល ទើបរាយការាណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឲ្យជួយពិនិត្យមើល លុះវេលាម៉ោងជាង ០៧យប់កម្លាំងប៉ុស្តិ៍ ចៅសង្កាត់រងឡាបានសៀក មេភូមិ ម្ចាស់ផ្ទះជួលបានគាស់ទ្វារបន្ទប់ ដើម្បីចូលទៅពិនិត្យក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែតែម្តង។

 កម្លាំងសមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស នៃស្នងការនគរបាលខេត្ត ចុះធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុបានសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន និងពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។​

 បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យលោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ដើម្បីយកទៅដាក់កម្កល់ នៅវត្តភូមិថ្មីធ្វើបុណ្យទៅតាមប្រពៃណី៕