2023-12-05 01:12
227

ភ្នំពេញ៖ ដើម្បីប្រែក្លាយប្រទេសកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលលកម្ពុជា នៅតែផ្តោលទៅលើមនុស្សជាចម្បង ដែលនឹងបន្តជំរុញកសាងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណប្រមូលផ្តុំគុណភាព ប្រសិទ្ធភាព ចីរភាព ដើម្បីឈរលើស្មារតី «មិនបោះបង់ប្រជាពលរដ្ឋណាម្នាក់» តាមរយៈការផ្តោតកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន » ដែលរៀបចំឡើងនៅសុខាភ្នំពេញ នាថ្ងៃអង្គារ ៨ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ ជាក់ស្តែងក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានកំណត់យកស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្កមសម្រាប់គ្រួសារក្រីក្រ គ្រប់ជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងជនងាយរងហានិភ័យក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដែលជាកម្មវិធីអាទិភាពទី៣ នៃកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដើម្បីបន្តអនុវត្តប្រព័ន្ធជំនួសសង្គមសំដៅកសាងសង្គមប្រកបដោយរឹងមាំ ភាពធន់ និងប្រកបដោយបរិយាបន្នតាមរយៈការលើកកម្ពស់ការអភិវឌ្ឍន៍មូលធន់មនុស្ស សុខមាភាពរបស់ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ងាយរងហានិភ័យ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក និងអភិវឌ្ឍប្រកបដោយចីរភាព៕