2024-07-06 08:07
260

ភ្នំពេញ៖ បន្ទាប់ពីមានប្រជាពលរដ្ឋ ០១គ្រួសារ មានសមាជិក ចំនួន ០៧នាក់ រស់នៅខេត្តកំពង់ឆ្នាំង បានពុលត្រីកំពត ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ហាមប្រាមប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះការបរិភោគសត្វ «ត្រីកំពត» ចំនួន ០៥ប្រភេទ ដែលមានជាតិពុល ក្នុងចំណោមសត្វត្រីកំពត ចំនួន ០៩ប្រភេទ ដែលមានវត្តមាននៅប្រទេសកម្ពុជា។

នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាល បានជម្រាប់ប្រាប់បងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា៖ «នៅខេត្តកំពង់ឆ្នាំង មានករណីពុល ចំនួន ០៧នាក់ បន្ទាប់ពីបរិភោគត្រីក្រពត ដោយមានអាការៈធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការជួយសង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យ។ ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ បច្ចុប្បន្នអ្នកជំងឺមានសភាពធូរស្រាលច្រើនហើយ»។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលសូមក្រើនរំលឹកថា៖ «ដើម្បីចៀសវាងបាននូវការពុល “ត្រីក្រពត” បង្កជាបញ្ហាសុខភាព ដែលអាចធ្វើឱ្យបាត់បង់ជីវិត សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពត ដែលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ»។

តាមក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ «នៅក្នុងប្រទេសកម្ពុជាយើងមានត្រីក្រពត ចំនួន ០៩ប្រភេទ ក្នុងនោះមាន ០៥ប្រភេទ មានជាតិពុល។ តាមការស្រាវជ្រាវបានរកឃើញថា “ត្រីក្រពតដែលមានជាតិពុល” មានភិនភាគដូចក្នុងរូបភាពភ្ជាប់ជូនជាមួយរួមមាន៖ ទី១៖ ត្រីក្រពត ភ្នែកក្រហម (Carinotetraodon Lorteti ឬ Redeye Puffer) មានទំហំអតិបរមា ៦ស.ម។ ទី២៖ ត្រីក្រពត អុចធំ (Tetraodon Biocellatus ឬ Eyespot Pufferfish) មានទំហំ អតិបរមា ៨ស.ម។ ទី៣៖ ត្រីក្រពតកូសាំងស៊ីន (Monotrete Cochinchinensis) មានទំហំអតិបរមា ១៣,៥ស.ម។ ទី៤៖ ត្រីក្រពត អុចបៃតង (Tetraodon Nigroviridis ឬ Spotted Green Pufferfish) មានទំហំអតិបរមា ១៧ស.ម. និង ទី៥៖ ត្រីក្រពត ហ្គូវៀធីលីស (Tetraodon Fluviatilis) មានទំហំអតិបរមា ១៧ស.ម»។

ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា៖ «ត្រីក្រពត ទាំងនេះ មានជាតិពុលខ្ពស់ នឹងអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាន។ នៅពេលយើងបរិភោគត្រីទាំងនេះ ជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងអាចបណ្តាលឱ្យស្លាប់។ ម្យ៉ាងទៀត ត្រីក្រពតទាំង ៥ប្រភេទ ខាងលើនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រីក៏មានកម្រិតខុសគ្នាដែរ គឺពង និងស្គែមរបស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់តែម្តង»។

ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា ចំពោះរោគសញ្ញាកើតក្រោយពីបរិភោគត្រីបែបនេះ រយៈពេល ២០នាទីទៅ២ម៉ោង មានដូចជា រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្អិតល្ហែ រឹងថ្គាម ឬអាចបណ្តាលឱ្យស្លាប់។

នៅក្នុងករណីដែលពុលខ្លាំងការស្លាប់អាចបណ្តាលមកពីវិបត្តិផ្លូវដង្ហើម។ ចំណែកវិធីសង្គ្រោះភ្លាមៗ ក្រោយពីពុលអាចធ្វើបានតាមរយៈធ្វើឱ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) ដែលអាចជួយបញ្ចេញជាតិ ពុលពីក្នុងខ្លួនបានមួយចំណែក ហើយអ្នកពុលនោះ ត្រូវប្រញាប់ស្វែងរកការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុលតម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានពីគ្រូពេទ្យជាចាំបាច់។

សូមជម្រាបថា មនុស្សមួយគ្រួសារបានទិញត្រីកំពត មកចម្អិនជាអាហារទទួលទាន បណ្តាលឱ្យពុល និងបានបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង០៥នាទី។ ពលរដ្ឋរងគ្រោះដោយសារពុល «ត្រីកំពត» មានឈ្មោះ ហ៊ុន ចន្ថា ភេទប្រុស និង ប្រពន្ធ រស់នៅភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀ បានទៅទិញត្រីកំពត ចំនួន ១,៥គីឡូក្រាម ពីអ្នលក់ម្នាក់មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានដែលវ័យប្រហែល ៦៥ឆ្នាំ លក់នៅខាងជើងផ្សារលើ ខេត្តកំពង់ឆ្នាំង ព្រមទាំងបានទិញបន្លែ រួមមាន៖ សាឡាត់ស្រួយ ត្រសក់ និងជីគ្រប់មុខ នៅតូបផ្សេងមួយទៀតក្បែរនោះ  ហើយបានយកទៅចំអិនហូបជុំប្រពន្ធកូន កូនប្រសារ និងចៅនៅផ្ទះមានសមាជិក សរុបចំនួន ១០នាក់ ហូបរួចមានអាការៈ ត្រជាក់ដៃ ជើង ស្ពឹកមាត់ ចំនួន ០៥នាក់ និងបានបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។

ក្រោយពេលករណីពុលត្រីកំពត អាជ្ញាធរបានចុះសាកសួរសុខទុក្ខ ដោយនាំយកនូវអំណោយ និងថវិកាចំនួនជូនក្រុមគ្រួសាររងគ្រោះ ដល់ពេលនេះ ពួកគាត់មានសុខភាពល្អប្រសើឡើងវិញហើយ៕