2024-07-11 07:07
233

ភ្នំពេញ៖ ប្រធានមន្ទីរបរិស្ថាន ចំនួន ០២រូប មកពីពីរខេត្ត គឺខេត្តពោធិ៍សាត់ និងមណ្ឌលគិរី ត្រូវបានប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចដកតំណែង និងផ្ទេរភារកិច្ច ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។ នេះបើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបណ្តាញសារព័ត៌មាន អឹម អេស ជេ ទទួលបាននៅថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៤នេះ។

រាជរដ្ឋាភិបាលបានសម្រេចដកតំណែង និងផ្ទេរភារកិច្ច លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និង លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ឱ្យមកបំពេញការងារនៅទីស្ដីការក្រសួងបរិស្ថាន។

យោងតាមអនុក្រឹត្យបានបញ្ជាក់ថា៖ «ត្រូវបានផ្ទេភារកិច្ចមន្ត្រីរាជការ ចំនួន ០២រូប របស់ ក្រសួងបរិស្ថាន ដូចបានរាយនាមខាងក្រោមនេះ៖ ទី១- លោក ឆៅ ប៊ុនធឿន ឋានន្តរស័ក្តិ វរមន្ត្រីថ្នាក់លេខ១ ពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។ ទី២- លោក គង់ ពុទ្ធីរ៉ា ឋានន្តរស័ក្តិ ថ្នាក់ឧត្តមមន្ត្រីថ្នាក់លេខ៥ ពីប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន»។ 

ចំពោះមូលហេតុ នៃការដកតំណែង និងផ្ទេរភារកិច្ចរបស់ប្រធានមន្ទីរបរិស្ថានទាំង ០២រូបនេះ មិនបានបញ្ជាក់ឱ្យដឹងឡើយ ប៉ុន្តែនាពេលកន្លងមកប្រធានមន្ទីរបរិស្ថាន ០២រូបនេះ ធ្លាប់មានរឿងអាស្រូវជាច្រើនពាក់ព័ន្ធបណ្តែតបណ្តោយឱ្យកើតមានបទល្មើសបំផ្លិចបំផ្លាញធនធានធម្មជាតិ ក្នុងតំបន់ការពារសត្វព្រៃ និងព្រៃឈើដែលខ្លួនគ្រប់គ្រងយ៉ាងរង្គាល៕