2024-09-22 03:09
8

ភ្នំពេញ៖ សាធារណជនជាប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ចាស់ព្រឹទ្ធាចារ្យ សរុបជាង ៣០០ នាក់ បន្ថែមទៀត បានចូលរួមដំណើរទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិលើកទី៣ កាលពីថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដែលធ្វើឱ្យចំនួនប្រជាពលរដ្ឋចូលរួមដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃសរុបទាំង៣លើក មានចំនួនជាង ៧០០ នាក់ហើយ។ 

ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី៣នេះ បានចាប់ផ្តើមចេញដំណើរពីទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្ពោះទៅកាន់តម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី ជាមួយការធ្វើបទបង្ហាញពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជា និងវៀតណាម ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជា និងប្រទេសជិតខាង។ 

ចំពោះគោលដៅនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកចំពោះខ្សែក្រវាត់ការពារទឹកដី បង្គោលព្រំដែន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមផ្លូវក្រវាត់ព្រំដែន ចំការកៅស៊ូ ចំការស្វាយចន្ទី ម្រេ​ច និងជាពិសេសសមិទ្ធផលនៃការស្ថាបនាផ្លូវក្រវាត់ព្រំដែនយ៉ាងរឹងមាំ។ ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត សុទ្ធ​តែបានសម្តែងក្តីសប្បាយរីករាយ និងមានទំនុកចិត្តកាន់តែខ្លាំងលើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីបា​នយ៉ាងរឹងមាំ។

សូមជម្រាបជូនថា រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ គឺផ្តល់ជូនដោយឥតគិតថ្លៃ ក្រោមការឧប​ត្ថម្ភរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជននានា ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។ ដំណើរទស្សនកិច្ចលើកទី៣នេះ ក៏មានការចូលរួមពីលោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋមកពីខេត្តព្រះវិហារផងដែរ៕