2024-10-14 09:10
27

បន្ទាយមានជ័យ៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្តរយៈពេលពីរថ្ងៃ នាថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅបរិវេណខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។នេះបើតាម                គណៈកម្មាធិការ រៀបចំបុណ្យជាតិ-អន្តរជាតិ ថ្នាក់ខេត្ត បានឲ្យដឹងកាលពីថ្ងៃទី១២ខែ តុលា ឆ្នាំ ២០២៤ ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹងនិងអំពាវនាវដល់ឯកឧត្តម លោកជំទាវ ឧកញ៉ាលោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អង្គការជាតិ អន្តរជាតិ សមាគម គ្រឹះស្ថានសិក្សា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករទូទាំងខេត្ត ជ្រាបថា គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ បានសម្រេចរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ។ 

សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា: នៅរៀងរាល់រាត្រី ចាប់ពីថ្ងៃទី២៤-២៨ ខែតុលា ឆ្នាំ២០២៤ មានការប្រគំតន្ត្រីសម័យ អមដោយការដាក់តាំងស្តង់ផលិតផលខ្មែរ ។

ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗនៅបរិវេណសួនតេជោឈ្នះឈ្នះខេត្តបន្ទាយមានជ័យ(មាត់ស្ទឹងសិរីសោភ័ណ នាភូមិ៣សង្កាត់ព្រះពន្លា) ព្រមទាំងមានការរៀបចំបណ្តែតប្រទីប               អង្គភាពរដ្ឋ វិស័យឯកជន នៅដងស្ទឹងព្រះពន្លា ក្រុងសិរីសោភ័ណ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ 

ចំពោះ ពិធីអកអំបុកនិងសំពះព្រះខែ នឹងរៀបចំនារាត្រីថ្ងៃទី១៥ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណសួនតេជោឈ្នះឈ្នះខេត្តបន្ទាយមានជ័យដែរ ។ 

ទន្ទឹមនឹងនេះ គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ សូមអំពាវនាវ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរសជនមេត្តាជួយឧបត្ថម្ភគាំទ្រ ផ្តល់អំណោយដូចជា : ថវិកា គ្រឿងឧបភោគ បរិភោគ ឬសម្ភារៈផ្សេងៗដើម្បីជួយទ្រទ្រង់កម្មវិធីដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះទទួលបានលទ្ធផលល្អប្រសើរ តាមរយៈការិយាល័យទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការ អន្តរជាតិនៃទីចាត់ការរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ រៀងរាល់ថ្ងៃធ្វើការ ។