2024-10-26 09:51
61

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក អនុធីន ឆានវីរគូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការប្ដេជ្ញាចិត្តប្រកបដោយភាតរភាពដូចៗគ្នាក្នុងការពូនជ្រុំ ជំរុញ និងគាំទ្រគ្រប់បែបយ៉ាង ដើម្បីឲ្យអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ កាន់តែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា។ 

ក្នុងឱកាសអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលភាគីកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ភាគីទាំងពីរ បានប្ដេជ្ញាពង្រឹងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដែលផ្ដល់បរិយាកាសអំណោយផលដល់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃធុរជន និងប្រជាជនប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ដ្រី ស សុខា និងសមភាគីថៃ ក៏បានថ្លែងកោតសរសើរថ្នាក់ដឹកនាំខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលបានខិតខំអនុវត្តស្មារតី នៃកិច្ចប្រជុំកាលពីឆ្នាំ២០២២ ធ្វើឲ្យទំនាក់ទំនងខេត្តនឹងខេត្តជារួមប្រទេស និងប្រទេសបន្តមានភាពល្អប្រសើរ ទប់ស្កាត់បាននូវបាតុភាពអវិជ្ជមាននានា តាមរយៈការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរទស្សនកិច្ច និងជំនួបដោះស្រាយបញ្ហាជាក់ស្ដែងនានា។ ភាគីទាំងពីរ ក៏បានបន្តផ្លាស់ប្ដូរយោបល់គ្នា លើប្រធានបទសំខាន់ៗ ជាអាទិ៍ ករណីពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ ការងារច្រកទ្វារព្រំដែន ការនាំចេញកសិផលកម្ពុជាទៅប្រទេសថៃ ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធទៅវិញទៅមក និងការរៀបចំក្រុមមន្រ្តីសម្រួលដល់ការផ្លាស់ប្ដូរព័ត៌មាន។ 

ជាពិសេសទំនាក់ទំនងការងារដទៃទៀត ឱ្យបានឆាប់រហ័សនឹងទាន់ពេលវេលា។ ភាគីទាំងពីរ បានសម្ដែងក្ដីសង្ឃឹម និងជឿជាក់ថា តាមរយៈកិច្ចប្រជុំនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស និងដោយឡែកខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ទាំងលើវិស័យសន្តិសុខ ការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍៕