ព្រះសីហនុ៖ អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីបន្ទប់មួយនៅជាន់ទី៤ នៃអគារខុនដូរ «ស៊ីវិតធូ» នៅម្តុំខាងក្រោយសាលាក្រុងព្រះសីហនុ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។
ហេតុករណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតមានឡើង នៅវេលាម៉ោង ១៨និង៥០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ត្រង់ចំណុច ខុនដូរ «ស៊ីវីតធូ» ជាន់ទី៤ ស្ថិតនៅក្រុម១២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយកើតមានករណីអគ្គិភ័យឆេះខុននេះ កម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះដល់កន្លែងកើតហេតុ បានពិនិត្យ និងបាញ់ទឹកពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០១ ស៊ីទែន។ ចំពោះរថយន្តអន្តរាគមន៍ រួមមានៈ រថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ០២ គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់អាវុធហត្ថខេត្ត ០១ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កំពង់ផែ ០១គ្រឿង។
នគរបាលផ្នែកបង្ការ និងពន្លត់អគ្គិភ័យខេត្តព្រះសីហនុ បានបញ្ជាក់ថា៖ «ករណីអគ្គិភ័យខាងលើ គឺឆេះពួកក្នុងបន្ទប់លេខ ៤០៦ ជាន់ទី៤ នៃអគារខុនដូរ «ស៊ីវិតធូ» ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ»។
សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះមូលហេតុដែលបង្កឱ្យកើតមានគ្រោះអគ្គិភ័យ ដោយភ្ញៀវស្នាក់នៅបន្ទប់កើតហេតុ បានសាកថ្មទូរសព្ទចោលដាក់លើពូកបណ្តាលឲ្យក្តៅបង្កជាអគ្គិភ័យឆាវឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ករណីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ២២និង០០នាទី ថ្ងៃខែឆ្នាំដដែល៕