2024-11-10 11:27
64

កោះកុង៖ គិតត្រឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពសាងសង់បាន ៦៧,៤៥% ហើយ។ 

នេះបើយោងតាមការរបាយការណ៍ដែលចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

របាយការណ៍របស់ក្រសួងបានឱ្យដឹងថា ក្រុមការងារការដ្ឋានស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) កំពុងសម្រុកសាងសង់បង្កើនសកម្មភាពអ៊ុតកៅស៊ូ AC ដែលកំពុងដំណើរការដើម្បីលេចចេញនូវវឌ្ឍនភាពដ៏ត្រចះត្រចង់ និងអាចបញ្ចប់ការងារអ៊ុត ACនៅចុងរដូវប្រាំងឆ្នាំ២០២៥ ដើម្បីធានាវឌ្ឍនភាពការងារសាងសង់សម្រេចបានតាមការគ្រោងទុក។ 

គូសបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ដែលប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍ ក្រសួងក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទមេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដោយអំឡុងពេលនេះភ្លៀងនៅបន្តធ្លាក់ជោគជាំនៅឡើយ បណ្តាលឱ្យមានការលំបាកធ្វើដំណើរដោយកន្លែង ជាពិសេសចំណុចឡើងទូល និងចុះចំណោតជាដើម។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃផងដែរ៕