2024-11-11 08:40
51

(ភ្នំពេញ)៖ រយៈពេល៩ខែឆ្នាំ២០២៤ (ខែមករា-ខែកញ្ញា) នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៨០០,៥៣២នាក់ កើនឡើង ២២.២ភាគរយ។

នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ក្នុងចំណោមភ្ញៀវអន្តរជាតិដែលចូលមកទស្សនានោះមកតាមផ្លូវអាកាសមានចំនួន១,៧០២,៧៦៨នាក់ កើនឡើង២៧ភាគរយ មកតាមផ្លូវគោកមានចំនួន ៣,០៩៧,៧១១នាក់ កើនឡើង ១៩.៥ភាគរយ និងមកតាមផ្លូវទឹកមានចំនួន ៥៧,០៥៣នាក់ កើនឡើង ៣៩ភាគរយ។

ចំពោះភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាច្រើនជាងគេរួមមាន៖
១០៖ ចក្រភពអង់គ្លេស ៨១.២០៨នាក់
៩៖ ជប៉ុន ៨១,៨០២នាក់
៨៖ បារាំង ៩០,០៧៣នាក់
៧៖ ឥណ្ឌូណេស៊ី ១២៣,៤៣៧នាក់
៦៖ កូរ៉េខាងត្បូង ១៤៤,២៩៣នាក់
៥៖ សហរដ្ឋអាមេរិក ១៥០,៩៩៨នាក់
៤៖ ឡាវ ២៦៥,៣៩០នាក់
៣៖ ចិន ៦០៧,៥៤២នាក់
២៖ វៀតណាម ៩៧៣,៤០៧នាក់
១៖ ថៃ ១,៥២៧,៦៦៨នាក់។

របាយការណ៍ដដែលបានបញ្ជាក់ថាភ្ញៀវទេសចរកម្ពុជាដែលចេញទៅក្រៅប្រទេសមានចំនួន ១,៣៦៣,២៧៣នាក់ កើនឡើង ៣.២ភាគរយ៕