2024-12-10 12:06
57

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នេះ បានជំរុញឲ្យយកចិត្តទុកដាក់ធនធានមនុស្សក្នុងវិស័យសុខាភិបាល ដើម្បីទាមទារឱ្យមានការ ពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិ។ 

បន្ថែមពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរឹតបន្តឹងលើការផ្តល់សេវារបស់គ្រឹះស្ថានសុខាភិបាលឯកជន អនុវត្តន៍ ឱ្យបានត្រឹមត្រូវលក្ខខណ្ឌសេវាផងដែរ។

នៅក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងទៀតថា «ការគិតគូរអំពីមនុស្ស គឺជាកិច្ចការសំខាន់បរិមាណហើយ យើងគិតពីគុណភាព នៅក្នុងការពង្រឹងសមត្ថភាពជាគោល ពង្រឹងសមត្ថភាព ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងពង្រឹងក្រមប្រតិបត្តិ ជាពិសេសអ្នកផ្ដល់សេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន»។

សម្តេចបវរធិបតី បានណែនាំដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវចុះបញ្ជីកា ក្នុងគណៈវិជ្ជាជីវៈសុខាភិបាល និងមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ដែលមានសុពលភាព គោរពក្រមសីលធម៌វិជ្ជាជីវៈ បទដ្ឋានវិជ្ជាជីវៈ និងនិយាមវិជ្ជាជីវៈ ព្រមទាំងអនុវត្តការងារ ក្នុងដែនកំណត់វិជ្ជាជីវៈសុខាភិបាលរបស់ខ្លួន និងចូលរួមអភិវឌ្ឍសមត្ថភាពជាប្រចាំ។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ដល់គ្រូពេទ្យបុគ្គលិកបច្ចេកទេសទាំងក្នុងផ្នែកសាធារណៈ និងឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និងសេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃដែលអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ, ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ត្រូវចំណាយខ្ពស់។

បន្ថែមលើនេះ ត្រូវកសាង និងរក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបថប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬគ្រួសារអ្នកជំងឺ រួមទាំងលើកទឹកចិត្តអ្នកជំងឺ និងគ្រួសារឱ្យចូលរួមក្នុងការសម្រេចចិត្តលើការព្យាបាល ផ្តល់ចំណេះដឹង និងបទពិសោធអំពីការបង្ការបឋម, ការព្យាបាលបង្ការ, ការគ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និងការថែទាំអ្នកជំងឺជាដើម។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំគ្រូពេទ្យនិងបុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គ្រប់ពេលវេលានូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំ សុខភាពជូនប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ សុចរិតភាព និងសមធម៌។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ត្រូវធានាថាគ្មានអ្នកជំងឺណាម្នាក់ត្រូវបានរើសអើង ឬត្រូវបានបដិសេធក្នុងការទទួលបានសេវាថែទាំព្យាបាល ដោយសារតែស្ថានភាពលក្ខណៈរបស់បុគ្គល គ្រួសារ ទំនៀមទម្លាប់ សាសនា ឬនិន្នាការនយោបាយឡើយ៕