(ភ្នំពេញ)៖ នៅក្នុងឱកាស អញ្ជើញជាអធិបតីនៅក្នុងពិធីបើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទីតាំង ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលរាល់នីតិកាលតែងតែយកចិត្តទុកដាក់លើផ្នែកផ្គត់ផ្គង់ឱសថ ដែលជាមុខព្រួញមួយក្នុងការធានាសុខភាពជូនប្រជាពលរដ្ឋ ហើយសម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាលកាន់តែយកចិត្តទុកដាក់ លើផ្នែកផ្គត់ផ្គង់ឱសថនេះ ជាពិសេសត្រូវធានាគុណភាព បរិមាណ និងតម្លៃ សមរម្យជូនប្រជាពលរដ្ឋ ខណៈរយៈពេលច្រើនខែមកនេះ ក្រសួងសុខាភិបាលអនុវត្ត តាមគោលការណ៍របស់រាជរដ្ឋាភិបាលបានជាច្រើនផងដែរ។
សម្ដេចបវរធិបតីបានថ្លែងថា ថ្នាំសង្កូវក៏ជាមុខព្រួញមួយក្នុងការធានានិងបង្កើន សុខភាពជូនប្រជាពលរដ្ឋដែរ ដែលប៉ុន្មានអាណត្តិនេះ រាជរដ្ឋាភិបាលបានបង្កើនការជំរុញវិនិយោគច្រើនទៅលើ ផ្នែកផ្គត់ផ្គង់ថ្នាំ ហើយក្នុងអាណត្តិទី៧នេះ សម្ដេចបានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា តាំងពីដើមទី (ដើមអាណត្តិ) គឺត្រូវធានាតាមគុណភាព តម្លៃសមរម្យ ហើយត្រូវធ្វើម៉េចលើកកម្ពស់គុណភាពនិងបរិមាណ។
សម្ដេចបានបន្តថា ជាមួយគ្នានោះ ក្រសួងសុខាភិបាលក៏បានអនុវត្តនូវការផ្ដល់ថ្នាំដល់ប្រជាពលរដ្ឋបង្កើនពី៥ថ្ងៃ ទៅកន្លះ ឬមួយខែ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីមកបើកថ្នាំ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «ការខិតខំយកចិត្តទុកដាក់លើផ្នែកផ្គត់ផ្គង់ថ្នាំនេះ ដើម្បីធានាគុណភាព បរិមាណ និងលើកកម្ពស់ជូនប្រជាពលរដ្ឋ»៕