រាជធានីតូក្យូ៖ បើតាមទិន្នន័យ បានបង្ហាញកាលពីព្រឹក ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ ថា ការនាំចេញរបស់ប្រទេសជប៉ុន បានកើនឡើង នៅក្នុងរយៈពេលពីរខែជាប់ៗគ្នា នៅក្នុងខែវិច្ឆិកា ហើយសកម្មភាពបែបនេះ បានបង្ហាញពីតម្រូវការរបស់ពិភពលោកកើនឡើងខ្លាំង ខណៈពាណិជ្ជកម្ម មានការព្រួយបារម្ភ អាចនឹងត្រូវបំផ្លាញ ដោយគោលនយោបាយគាំពារដល់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃដដែលនេះ។
ទិន្នន័យនេះ ទើបតែបានចេញផ្សាយ ត្រឹមតែរយៈពេលមួយថ្ងៃ នៅមុនពេលមានការសម្រេចចិត្ត ពីគោលនយោបានរបស់ធនាគារជប៉ុន គាំទ្រដល់ផែនការរបស់ធនាគារកណ្ដាល នៅក្នុងការបង្កើនអត្រាការប្រាក់បន្តិចម្តងៗ ពីកម្រិតជិតសូន្យ។ ការនាំចេញសរុប បានកើនឡើង ៣,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងខែវិច្ឆិកា ដោយបានច្រើនជាងការព្យាករ ពីទីផ្សារមធ្យម សម្រាប់ការកើនឡើង២,៨ភាគរយ បន្ទាប់ពីការកើនឡើង ៣,១ភាគរយ នៅក្នុងខែតុលា។
ទិន្នន័យនេះ បានបង្ហាញ ថា ការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុន បានកើនឡើង ៤,១ភាគរយ នៅក្នុងខែវិច្ឆិកា បើធៀបនឹងឆ្នាំ២០២៣ ខណៈការនាំចេញទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ៨ភាគរយ។ ការនាំចូលបានធ្លាក់ចុះ ៣,៨ភាគរយ នៅក្នុងខែវិច្ឆិកា បើធៀបនឹងឆ្នាំ២០២៣ ខណៈការព្យាករទីផ្សារ បានកើនឡើងរយៈពេល១ភាគរយ។
ជាលទ្ធផល ប្រទេសជប៉ុន បានដំណើរការឱនភាពពាណិជ្ជកម្ម ចំនួន១១៧,៦ពាន់លានយ៉េនលុយជប៉ុន ឬស្មើនឹង៧៦៦,១៧លានដុល្លារអាមេរិក នៅក្នុងខែវិច្ឆិកា ធៀបនឹងការព្យាករ នៃឱនភាពចំនួន៦៨៨,៩ពាន់លានយ៉េន។ រីឯទស្សនវិស័យ សម្រាប់ការនាំចេញ នៅតែមានភាពមិនច្បាស់លាស់។
ការស្ទង់មតិរបស់ Reuters បានបង្ហាញថា ក្រុមហ៊ុនជប៉ុន ចំនួនជិត៣ភាគ៤ មានការរំពឹង ថា អាណត្តិបន្ទាប់របស់លោក ដូណាល់ ត្រាំ (Donald Trump) ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក នឹងជះឥទ្ធិពលអវិជ្ជមាន ដល់បរិយាកាសពាណិជ្ជកម្មរបស់ពួកគេ។
លោក កាហ្ស៊ូ អ៊ូអេដា (Kazuo Ueda) អគ្គទេសាភិបាលធនគារជប៉ុន បានបញ្ជាក់ ថា ធនាគារ នឹងបន្តដំឡើងអត្រាការប្រាក់ ប្រសិនបើសេដ្ឋកិច្ច និង តម្លៃ កើនឡើង ស្របតាមការព្យាករណ៍។
បើទោះជាយ៉ាងណាក៏ដោយ ប្រភពបានប្រាប់ដល់រ៉យទ័រ ថា ធនាគារកណ្តាលជប៉ុន កំពុងតែពឹងផ្អែកលើការរក្សាអត្រាការប្រាក់ឱ្យនៅថេរ នៅក្នុងសប្តាហ៍នេះ ខណៈអ្នកបង្កើតគោលនយោបាយ ចូលចិត្តចំណាយពេលវេលាច្រើន នៅក្នុងការពិនិត្យមើលពីហានិភ័យនៅក្រៅប្រទេស៕