2024-12-18 18:41
22

ទីក្រុងប៊្រូសសែលស៍ (Brusseles)៖ គណៈកម្មការអឺរ៉ុប កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ បានបើកដំណើរការជាផ្លូវការស៊ើបអង្កេត ប្រឆាំងនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ជុំវិញការខកខានរបស់ខ្លួន នៅក្នុងការវាយតម្លៃ និង កម្រិតហានិភ័យ ទាក់ទងនឹងការបោះឆ្នោត ជាពិសេស ការបោះឆ្នោតប្រធានាធិបតី នៃប្រទេសរ៉ូម៉ានី កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីយប់ ថ្ងៃអង្គារ ទី១៧ ខែធ្នូ ថា គណៈកម្មការអឺរ៉ុប បានបញ្ជាក់ ថា ខ្លួននឹងពិនិត្យមើលនូវការផ្សាយកម្មវិធីនយោបាយរបស់ TikTok និង មាតិកាបង់ប្រាក់ ក៏ដូចជា ប្រព័ន្ធណែនាំរបស់ TikTok និង ហានិភ័យ ដែលត្រូវបានរៀបចំ។

គណៈកម្មការអឺរ៉ុប កាលពីដើមខែធ្នូ បានបញ្ជាឱ្យបណ្ដាញសង្គមរបស់ចិន TikTok បិទទិន្នន័យ ដែលជាប់ពាក់ព័ន្ធនឹងការបោះឆ្នោត នៃប្រទេសរូម៉ានី ក្រោមច្បាប់សេវាកម្មឌីជីថលដ៏ធំរបស់ប្លុកមួយនេះ ដោយគ្រប់គ្រង អំពីរបៀបដែលក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតរបស់ពិភពលោក កំពុងតែដំណើរការនៅអឺរ៉ុប។ ការបើកដំណើរការនូវការស៊ើបអង្កេតជាផ្លូវការនេះ នឹងផ្តល់អំណាចដល់គណៈកម្មការអឺរ៉ុប ដើម្បីចាត់វិធានការអនុវត្តបន្ថែម និង ទទួលយកនូវការប្តេជ្ញាចិត្ត ដែលធ្វើឡើង ដោយបណ្ដាញសង្គម TikTok ។

លោកស្រី អ៊ុយស៊ូឡា វ៉ន់ ដឺរ ឡេយ៉ែន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប   បានបញ្ជាក់ ថា សហភាពអឺរ៉ុប ចាំបាច់ត្រូវតែការពារលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន បញ្ចៀសពីការជ្រៀតជ្រែករបស់បរទេស។

លោកស្រី ប្រធានគណៈកម្មការអឺរ៉ុប បានសរសេរ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា៖«បន្ទាប់ពីមានការចង្អុលបង្ហាញជាច្រើន ថា តួអង្គបរទេស បានជ្រៀតជ្រែកចូលទៅក្នុងការបោះឆ្នោតប្រធានាធិបតីរ៉ូម៉ានី ដោយប្រើប្រាស់ TikTok ។ ឥឡូវនេះ យើងកំពុងតែស៊ើបអង្កេតយ៉ាងហ្មត់ចត់ ថាតើ TikTok បានបំពានច្បាប់សេវាកម្មឌីជីថល ដោយការខកខាន នៅក្នុងការដោះស្រាយបញ្ហាហានិភ័យដែរឬយ៉ាងណានោះឡើយ»។

គណៈកម្មការអឺរ៉ុប ធ្លាប់ស៊ើបអង្កេត ទៅលើបណ្ដាញសង្គមរបស់ចិន Tik Tok ចំនួន២លើករួចមកហើយ។ ប៉ុន្ដែនេះជាការស៊ើបអង្កេតលើកទី៣ ដែលគណៈកម្មការ បានចាប់ផ្តើមស៊ើបអង្កេត ប្រឆាំងនឹងបណ្ដាញសង្គមដ៏ធំបំផុតរបស់ចិនមួយនេះ៕