អ្នកបើកបរដឹកជញ្ជូន Amazon និងហាងកាហ្វេ Starbucks កំពុងតែនាំគ្នាធ្វើបាតុកម្មនៅក្នុងទីក្រុងមួយចំនួននៃសហរដ្ឋអាមេរិក ខណៈដែលពួកគេព្យាយាមដាក់សម្ពាធទៅលើក្រុមហ៊ុនធំៗទាំងពីរ ឲ្យទទួលស្គាល់ពួកគេថាជាបុគ្គលិកសហជីព ឬដើម្បីបំពេញតម្រូការសម្រាប់កិច្ចសន្យាការងារដំបូង។
កូដកម្មដែលបានធ្វើឡើងចាប់ពីថ្ងៃ ព្រហស្បតិ៍ និងថ្ងៃ សុក្រ បានធ្វើឡើងបន្ទាប់ពីការប្រឈមមុខដាក់គ្នាកាលពីពេលថ្មីៗនេះ រវាងក្រុមហ៊ុនអាមេរិកនិងកម្លាំងពលកម្មដែលមានការរៀបចំឡើង។
កម្មករនៅ Starbucks , Amazon និងម៉ាកយីហោអ្នកប្រើប្រាស់ល្បីៗមួយចំនួនទៀត នៅកំពុងតែតស៊ូសម្រាប់កិច្ចសន្យាដំបូងរបស់ពួកគេ។
ដោយក្នុងនោះ Amazon បានបដិសេធមិនទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង ក្នុងការរៀបចំរបស់អ្នកបើកបរ និងកម្មករឃ្លាំង ដែលភាគច្រើនពួកគេត្រូវបានបោះឆ្នោតឲ្យមានការរួបរួមគ្នាឡើងវិញ។
ចំណែកឯហាង Starbucks ក៏បានទប់ទល់ជាយូរមកហើយ និងបានធ្វើឲ្យមានការរួបរួមនូវហាងរបស់ខ្លួន ហើយបានព្រមព្រៀងចរចារកិច្ចសន្យានៅចុងឆ្នាំនេះ។
ហេតុអ្វីបានជាកើតមាននូវកូដកម្មនេះ?
ទាំង Amazon និង Starbucks បានមើលឃើញពីរលកនៃកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំ បន្ទាប់ពីជំងឺរាតត្បាត Covid-19។
ដោយសារតែជំងឺរាតត្បាតនេះ បានផ្ដោតទៅលើការយកចិត្តទុកដាក់ទៅលើកម្មករជួរមុខ និងផលប៉ះពាល់នៃវិសមភាពសេដ្ឋកិច្ចទៅលើជីវិតរបស់ជនជាតិអាមេរិកដែលរកបានប្រាក់ឈ្នួល។
កម្មករ Amazon និង Starbucks អស់សង្ឃឹម ក្នុងការធ្វើឲ្យមានការរីកចម្រើន នៅមុនពេលដែលប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ទទួលបានការតែងតាំងភាគច្រើនមកពីគណបក្សសាធារណរដ្ឋ ទៅកាន់ក្រុមប្រឹក្សាទំនាក់ទំនងការងារ។
ហើយទាំងនេះត្រូវបានគេរំពឹងថា បន្ទាប់ពីត្រាំចូលកាន់តំណែង នោះសហជីពនឹងមិនត្រូវបានយកចិត្តទុកដាក់នោះទេនៅអំឡុងពេលរដ្ឋបាលរបស់លោក។
លោក Logan បាននិយាយថានៅក្នុងសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា “សហជីពចង់ធ្វើឲ្យជម្លោះទាំងនេះជាសាធារណៈ និងនាំមកនូវសម្ពាធនយោបាយមកលើក្រុមហ៊ុន។
ប្រសិនបើវិវាទទាំងនេះអូសបន្លាយរហូតដល់ឆ្នាំក្រោយ ហើយប្រសិនបើពួកគេត្រូវបានវាយតប់គ្នាយ៉ាងទូលំទូលាយតាមរយៈក្រុមប្រឹក្សាការងារ និងតុលាការ នោះសហជីពនិងកម្មករពិតជានឹងបាត់បង់។ នេះអាចជាឱកាសចុងក្រោយបំផុតរបស់ពួកគេក្នុងការដាក់សម្ពាធលើក្រុមហ៊ុនជាសាធារណៈមុនពេលលោក ត្រាំ ចូលកាន់តំណែង”។
កូដកម្មដឹកនាំដោយក្រុមនៅ Amazon
កម្មករនៅក្រុមហ៊ុន Amazon កំពុងតែធ្វើកូដកម្មនៅស្ថានីយ៍ដឹកជញ្ជូនចំនួន ៧ នៅភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា សាន់ហ្វ្រាន់ស៊ីស្កូ ទីក្រុងញ៉ូយ៉ក អាត្លង់តា និង Skokie រដ្ឋ lllinois ទាំងនេះដោយសារតែក្រុមហ៊ុនមិនអើពើនឹងកាលបរិច្ឆេទ ដែលបានផុតកំណត់នៅថ្ងៃ អាទិត្យ ដែលសហជីពបានកំណត់សម្រាប់ចរចារកិច្ចសន្យា។
ការធ្វើកូដកម្មនេះ គឺក្នុងគោលបំណងដើម្បីទទួលបានប្រាក់ខែខ្ពស់ អត្ថប្រយោជន៍កាន់តែប្រសើរចំពោះបុគ្គលិក និងលក្ខខណ្ឌការងារដែលមានសុវត្ថិភាពជាងមុនសម្រាប់បុគ្គលិក Amazon ដែលភាគច្រើនពួកគេបានជួបប្រទះទៅនឹងបញ្ហាអសន្តិសុខ សេដ្ឋកិច្ច ពេលកំពុងតែធ្វើការឲ្យក្រុមហ៊ុនដែលមានតម្លៃរហូតដ៏ទៅ ២.៣ ពាន់ពាន់លានដុល្លារ។
ហើយក្នុងកូដកម្មនេះផងដែរ មិនបានមានការបញ្ជាក់ទេថាតើមានបុគ្គលិកឃ្លាំងទំនិញ Amazon ប៉ុន្មាននាក់បានចូលរួមក្នុងកូដកម្មនេះនោះទេ។