2024-12-21 16:05
10

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២២នាក់ត្រូវបានកម្លាំងគរបាលនៅតាមបណ្តាលនៃអធិការដ្ឋាននានានិងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ហើយយកមកបង្ហាញមុខជាសារណះរួមគ្នាកាលព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋានរាជធានីភ្នំពេញ។ 

តាមនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានអោយដឹងថា ដោយមានដឹកនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយអធិការដ្ឋានទាំង ១៤ តែងតែចុះល្បាត ពួនស្ទាក់ជាប្រចាំ ក្នុងមូលដ្ឋានដើម្បីបង្កាទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីរក្សាអោយបាននូវគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។ 

នគរបាលបន្តទៀតថា រយះពេលប៉ុន្មានថ្ងៃនេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយសហការជាមួយអធិការដ្ឋាននគរបាលមានជ័យ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌដូនពេញ និងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការបង្ក្រាបក្រុមជនសង្ស័យ ២២នាក់ ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា មានដូចជា លួច ឆក់ ប្លន់ គាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាដើម ។ 

នគរបាលព្រហ្មទណ្ឌការិយាល័យកំរិតស្រាលបានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ២២នាក់ គឺមានជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីធាក់ប្លន់ និង ឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវបង្ក្រាបាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមនីតិវិធី។ 

ចំពោះជនសង្ស័យផ្សេងៗទៀត ត្រូវបានអធិការដ្ឋានខណ្ឌដែលជាម្ចាស់ករណីជាអ្នកកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕