2024-12-21 15:50
11

ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីចំនួន០២នាក់បងប្អូនបង្កើតបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ខណ:ដែលផ្ទុះកំប៉ុងហ្គាសបង្កទៅជាអគ្គិភ័យឆាបឆេះផ្ទះសង្កត់ទាំងក្មេងរងគ្រោះ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ ។ 

ហេតុការណ៍គ្រោះអគ្គីភ័យបណ្តាលឱ្យមានក្មេងស្រី០២នាក់បានស្លាប់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ 

មន្ត្រីនគរបាលបាននិយាយឲ្យដឹងថា ក្មេងស្រីដែលស្លាប់ក្នុងភ្លើងនោះមានឈ្មោះ ទី០១-ឈ្មោះ ខា ដានី ភេទស្រី អាយុ៨ឆ្នាំ និងទី០២-ឈ្មោះ ខា ឌីណា ភេទស្រី អាយុ៥ឆ្នាំ ត្រូវបានភ្លើងឆេះស្លាប់ទាំងដែលពួកគេកំពុងដេកលង់លក់ក្នុងដំណេកតែម្តង ។

តាមសម្តីឈ្មោះ សឿន ខា ភេទប្រុស អាយុ ៤៩ឆ្នាំ មានមុខរបដើររើសអេតចាយ ត្រូវជាឪពុកក្មេងស្រីរងគ្រោះទាំង០២នាក់បាននិយាយថា នៅពេលដែលភ្លើងកំពុងឆេះផ្ទះ គាត់បានរត់ចូលទៅជួយកូនដែរ ប៉ុន្តែដោយសារតែកូនរបស់គាត់មានចំនួន៥នាក់ ហើយគាត់ជួយបានតែចំនួន៣នាក់តែប៉ុណ្ណោះ នៅសល់០២នាក់ទៀតហើយគាត់ក៏រត់ចូលទៅជួយយកក្មេងស្រីរងគ្រោះទាំងនាក់ម្តងទៀត ស្រាប់តែភ្លើងឆេះកាន់តែខ្លាំង ហើយបាក់ផ្ទះសង្កត់ពីលើកូនស្រីរបស់គាត់ទាំង០២នាក់ បណ្តាលឲ្យឆេះស្លាប់តែម្តងទៅ។

បុរសជាឪពុកបានបន្តទៀតថា ដោយសារគ្រួសាររបស់គាត់មានជីវភាពខ្វះខាតខ្លាំង ទើបគាត់សំពះសុំឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺជួយដល់ក្រុមគ្រួសាររបស់គាត់ បើសូម្បីតែក្តាម្ឈូសសម្រាប់ដាក់សពកូនទាំង០២ក៏គាត់គ្មានលទ្ធភាពទិញដាក់សពកូនៗគាត់នោះទេ។

នៅក្នុងកិច្ចអន្តរាគមន៍អគ្គិភ័យឆាបឆេះផ្ទះខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្នងការនគរបាល០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកសំរោងទងបានចូលរួមពន្លត់ប្រើប្រាស់ទាំងអស់០២រថយន្ត ប្រើប្រាស់កម្លាំងចំនួន១០នាក់ទើបរលត់ផងដែរ ៕