2024-12-22 14:06
6

ខេត្តកំពង់ចាម៖ នាល្ងាចថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតចុះពិនិត្យមើលការ បម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអារក្សត្នោត ខេត្តកំពង់ចាម ដោយមិនបានជូនដំណឹងជាមុនក្នុងគោលបំណងពិនិត្យដោយផ្ទាល់អំពីប្រសិទ្ធភាព ស្ថានភាពការបម្រើសេវានាពេលយប់ ក៏ដូចជាឆ្លៀតចុះសុខទុក្ខ លើកទឹកចិត្តដល់មន្រ្តី បុគ្គលិកសុខាភិបាល ដែលកំពុងបំពេញភារកិច្ច ការទទួលខុសត្រូវរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឱ្យជំនួយការម្នាក់ ដើរតួជាអ្នកមានបញ្ហាសុខភាព ដើម្បីចូលទៅស្វែងរកសេវាពិនិត្យសុខភាពនៅក្នុងមណ្ឌលសុខភាព។ ក្នុងនោះដែរ ឯក ឧត្តមសាស្រ្តាចារ្យ បានសង្កេតឃើញថា ប្រជាពលរដ្ឋមកទទួលសេវាច្រើនសមរម្យ និងស្រ្តីសម្រាលកូនមានចំនួនគួរសម ឥរិយាបថល្អ អនាម័យសមរម្យ ហេដ្ឋារចនាសម្ព័ន្ធល្អ បុគ្គលិក មន្រ្តីរាជការមានឆន្ទៈបំពេញការងារ ជាពិសេសប្រជាពលរដ្ឋមកប្រើប្រាស់មូលនិធិសមធម៌ និង ប.ស.ស នៅមណ្ឌលសុខភាពមានការកើនឡើងជាបន្តបន្ទាប់។ 

ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏ទទួលបានព័ត៌មានត្រឡប់ពីមន្រ្តីរាជការ បុគ្គលិកនៃមណ្ឌលសុខភាព សំដែងនូវការសប្បាយរីករាយ ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលរៀបចំឡើងរៀងរាល់ថ្ងៃអង្គារ ដែលឃើញថាជាវគ្គដែលមានសារៈសំខាន់ ព្រមទាំងស្នើសុំឱ្យមានវគ្គបែបនេះជាបន្តទៀត។