2024-12-22 14:17
6

អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានប្រាប់បណ្តាញសារព័ត៌ក្នុងស្រុក នៅព្រឹកថ្ងៃទី២២ ខែធ្នូ នេះថា ដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋទៅកាន់តំបន់ តាមព្រំដែនភាគឦសាននៃប្រទេស បានបិទបញ្ចប់ហើយនៅថ្ងៃសៅរ៍ ទី២១ ធ្នូ បន្ទាប់ពីបានដំណើរការអស់រយៈពេល ៤ខែកន្លងមកនេះ។

ឯកឧត្តម បានបញ្ជាក់ថា ចាប់ផ្តើមពីខែកញ្ញាមកដល់ចុងខែធ្នូនេះ ក្រសួងព័ត៌មានរៀបចំបានចំនួន ១១លើក ដែលអ្នកចូលរួមសរុបក្នុងដំណើរទស្សនកិច្ចទាំង ១១លើកនេះ មានចំនួន ២,៤០០ នាក់។ 

ការរៀបចំដំណើរទស្សនកិច្ចទៅតំបន់ភាគឦសានកាលពីថ្ងៃសៅរ៍ ទី២១ ធ្នូ ជាដំណើរទស្សនកិច្ចចុងក្រោយគេ។

ដំណើរទស្សនកិច្ចទាំង ១១លើកនេះ បានប្រព្រឹត្តិទៅដោយរលូន សុវត្ថិភាព ការរាប់អានសាមគ្គីភាព រួមទាំងបរិយាកាស ស្និទស្នាលសប្បាយរីករាយ ព្រមទាំងទទួលបានចំណេះដឹងថ្មីៗស្តីពីការគ្រប់គ្រងតំបន់ក្រវ៉ាត់ព្រំដែន និងការការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាយើង។

ឆ្លៀតឱកាសនេះអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចំណាយពេលវេលា ដ៏មានតម្លៃរបស់ខ្លួនដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចដែលបានរៀបចំឡើងក្រោមការដឹកនាំនិងសម្របសម្រួលផ្ទាល់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងដោយមានការចូលរួមនិងគាំទ្ររៀបចំពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន ព្រមទាំងក្រុមការងារស្ម័គ្រចិត្តជាច្រើនរូប។

ទន្ទឹមនេះអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏សុំការអភ័យទោសពីសំណាក់ប្រជាពលរដ្ឋទាំងអស់ដែលលោកបានចុះឈ្មោះដែរ តែពុំបានចូលរួមព្រោះការរៀបចំគឺត្រូវបានធ្វើឡើងដោយឈរលើគោលការណ៍ ចុះឈ្មោះមុនចូលរួមមុន ហើយត្រូវផ្តោតលើការផ្តល់សុវត្ថិភាពពេញលេញជូនប្រជាពលរដ្ឋដែលចូលរួមទាំងពេលអញ្ជើញទៅនិងពេលត្រលប់មកផ្ទះវិញ ។

ការស្នើសុំការអភ័យទោសនេះ បានធ្វើឡើងបន្ទាប់ពីការរៀបចំដំណើរទស្សនកិច្ចនេះមិនអាចឆ្លើយ តបបរិមាណអ្នកចុះឈ្មោះបាន ខណៈចំនួនអ្នកចុះឈ្មោះសរុបចូលរួមដំណើរទស្សនកិច្ចនេះ មកទល់ បច្ចុប្បន្នភាពចុងក្រោយក្នុងខែធ្នូនេះគឺ សរុបចំនួន ៤៤០៦នាក់ ប៉ុន្តែការរៀបចំជាក់ស្តែងទទួលបានតែ ២៤០០នាក់តែប៉ុណ្ណោះ ដោយយោងតាមពេលវេលានិងលទ្ធភាពនៅក្នុងការរៀបចំ។

យោងតាមប្រសាសន៍ដឹកនាំរបស់សម្ដេចបវរធិបតីគឺយើងរៀបចំដំណើរទស្សនាកិច្ចនេះរហូតដល់ដំណាច់ឆ្នាំនេះ។

ឆ្លងកាត់ការរៀបចំដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋទៅកាន់តំបន់តាមព្រំដែនភាគឦសាននៃប្រទេសនេះ បានធ្វើអោយអ្នកនាំពាក្យក្រសួងព័ត៌មាន កត់សំគាល់ឃើញថាសន្ទុះប្រជាពលរដ្ឋ បានមកចូលរួមនេះ បានបង្ហាញអំពីទឹកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការចូលរួមចំណែកក្លាយជាសក្ខីកម្មនៅក្នុងការការពារអធិបតេយ្យភាពបូរណភាពទឹកដីជាតិកម្ពុជារបស់យើង ដោយពុំជឿទៅលើការឃោសនាអកុសលអគតិរបស់ក្រុមមួយចំនួនតូចដែលតែងតែប្រើព័ត៌មានបំភ្លៃបង្កចលាចល អស្ថិរភាពក៏ដូចជាធ្វើអោយប្រជាពលរដ្ឋមានការភាន់ច្រឡំមកលើរាជរដ្ឋាភិបាលកម្ពុជា។

ការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជានៅពេលនេះ និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងសកម្មភាពផ្សេង ទៀតដែលរាជរដ្ឋាភិបាលបានរៀបចំក៏ដូចជានឹងផ្ដួចផ្ដើមរៀបចំទៅ ថ្ងៃខាងមុខ ទៀតនេះគឺជាការបង្ហាញភាពជាម្ចាស់ នៃបូរណភាពទឹកដីកម្ពុជា ហើយបង្ហាញអំពីសាមគ្គីភាពជា ធ្លុងមួយ ទាំងក្នុងកម្រិតសហគមន៍ជាតិនិងអន្តរជាតិ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចប្រជាពលរដ្ឋនេះ រៀបចំឡើងដើម្បីជម្រះអស់មន្ទិលជុំវិញបញ្ហា ព្រំដែននាពេលកន្លងមកបន្ទាប់ពីមានក្រុមប្រឆាំងប្រឌិតរឿងបាត់បង់ដីដោយសារកិច្ចព្រមព្រៀងអភិវឌ្ឍន៍នៅតំបន់ត្រីកោណមាស។

សូមរំលឹកជូនថា នេះគឺជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកា សម្រាប់ការចំណាយគឺជាការឧបត្ថម្ភដោយផ្ទាល់ពីសម្ដេចបវរធីបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងសប្បុរសជន ដែលជាថវិកាដោយឡែក មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែននោះឡើយ៕