2024-12-22 14:30
7

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយធនធានមនុស្សដែលបានឆ្លងកាត់នៅសាលានេះ បានបំពេញកិច្ចការងារចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើការបម្រើជាតិ និងប្រជាជនក៏ដូចជាការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីចូលរួមនៅក្នុងពិធីជួបជុំអតីតនិស្សិត និងពិសាភោជនាហារសាមគ្គី គ្រួសារសាកលវិទ្យាល័យអាស៊ី អឺរ៉ុប នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោក នេត្រ ភក្ដ្រា បានបញ្ជាក់ថាសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ក៏បានផ្តល់នូវក្តីសង្ឃឹមដល់កូនចៅប្រជាពលរដ្ឋក្រីក្រ នៅតាមជនបទតាមរយៈការទទួលបាននូវអាហារូបករណ៍។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាក្នុងនាមរាជរដ្ឋាភិបាល សូមថ្លែងនូវអំណរគុណចំពោះ សាកលវិទ្យាអាស៊ី អឺរ៉ុប ដែលផ្តល់អាហារូបករណ៍ដល់អ្នកមិនមានលទ្ធភាពបន្តការសិក្សាអោយមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាបាន។ 

ជាមួយគ្នានេះ សាកលវិទ្យាអាស៊ី អឺរ៉ុប ក៏ជាផ្នែកមួយចូលរួមកែប្រែអនាគតរបស់ប្រជាជនកម្ពុជាមួយចំនួន ជាពិសេសយុវជនដែលមិនមានលទ្ធភាព ហើយទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យនេះ បានធ្វើអោយនិស្សិតទាំងនោះមានការងារធ្វើ មានចំណូលដែលធ្វើអោយអនាគតមានការរីកចម្រើន។

លោករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបន្តវេនពីសម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយនៅក្នុងបញ្ចកោណទី១ បានផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ 

មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចលើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗសំដៅធានាចីរភាព កំណើនរយៈពេលវែង និងជវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

អ្នកឧកញ៉ា កិត្តិបណ្ឌិត លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានជម្រាបជូនថា ការជួបជុំគ្នានាឱកាសនេះ គឺជាការជួបស្គាល់គ្នា រាប់អានគ្នាទៅវិញទៅមក ពិសេសរំលឹកអនុស្សាវរីយ៍របស់អតីតនិស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប គ្រប់ជំនាន់ទាំងអស់ដោយក្នុងនោះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏ជាអតីតនិស្សិតដែលបានសិក្សានៅសាកលវិទ្យាអាស៊ី អឺរ៉ុប នេះដែរ។ 

អ្នកឧកញ៉ា បានបញ្ជាក់ថា សាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានចូលរួមកសាង និងបណ្តុះបណ្តាលធនធានមនុស្ស ចាប់តាំងពីឆ្នាំ២០០២ មកម្ល៉េះ ហើយរហូតមកដល់បច្ចុប្បន្ននេះសាកលវិទ្យាល័យបានផ្តល់ការបណ្តុះបណ្តាលកំរិតរយៈខ្លី រហូតដល់ថ្នាក់អនុបណ្ឌិតនិងបណ្ឌិត៕