2024-12-23 08:50
9

(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធម៉ូតូអគ្គិសនី ក្រុមហ៊ុន សម្បត្តិ សិរីវុឌ្ឍ អិនធ័រណេសិនណល ឯ.ក នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងថា ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ជាកិច្ចការបន្ទាន់និងចាំបាច់ដើម្បីឱ្យស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងគិតគូលើទិដ្ឋភាពបរិស្ថាន។ 

លោក ឯក រដ្ឋ បានលើកឡើងទៀតថា ដើម្បីឱ្យស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងគិតគូរលើទិដ្ឋភាពបរិស្ថាន ការពង្រឹងសន្តិសុខថាមពល សុខុមាលភាព ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីភាព ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជាជាកិច្ច ការបន្ទាន់និងចាំបាច់»។ 

បច្ចុប្បន្ននេះ ដោយសារតែប្រទេសកម្ពុជាមានសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបាននាំមកនូវការអភិវឌ្ឍន៍ ជីវភាពរបស់ពលរដ្ឋមានភាពប្រសើរ។ 

ទន្ទឹមគ្នានេះ វិនិយោគិនទាំងក្នុង និងក្រៅប្រទេស មានការជឿជាក់បានបន្ថែមទុនវិនិយោគ និងបង្កើតក្រុមហ៊ុនថ្មីៗជាបន្តបន្ទាប់។
 
ជាមួយគ្នានោះលោក ឯក រដ្ឋ បានបន្ថែមថា ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុន សម្បត្តិ សិរីវុឌ្ឍ អិនធ័រណេសិនណល ដែលជាក្រុមហ៊ុនកូនខ្មែរបាននាំចូលម៉ូតូអគ្គិសនី ដើម្បីចែកចាយ នៅក្នុងប្រទេសកម្ពុជា ដោយសារតែមើលឃើញថា តម្រូវការនៃប្រើប្រាស់ម៉ូតូអគ្គិសនីមានការកើនឡើងស្របពេលដែលពិភលោក កំពុងគិតគូអំពីបរិស្ថាន និងការបំរែបម្រួលអាកាសធាតុ។ 

លោក ឯក រដ្ឋ បានលើកឡើងថា ការប្រើប្រាស់យានយន្តអគ្គិសនីពិតជានាំមកនូវគុណប្រយោជន៍ជាច្រើនដូចជា៖ សន្សំសំចៃថវិកា, ងាយស្រួលក្នុងការជួសជុលថែទាំ ប្រើប្រាស់ថាមពលស្អាត និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។ 

បច្ចុប្បន្ននេះយានយន្ដអគ្គិសនីដែលបានចុះបញ្ជី នៅក្នុងប្រទេសកម្ពុជាមានចំនួនសរុប ៤,៣២០ គ្រឿង ក្នុងនោះមានទោចក្រយានយន្ដចំនួន ១,៣២៩ គ្រឿង, ត្រីចក្រយានយន្ដចំនួន ៤៧៨ គ្រឿង និងយានយន្ដចំនួន២,៥១៣គ្រឿង។ 

លោក លី កុកឆាយ តំណាងក្រុមហ៊ុន សម្បត្តិ សិរីវុឌ្ឍ អិនធ័រណេសិនណល ឯ.ក បានឲ្យដឹងថា ការបើកលក់នៅពេលនេះ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់អ្នកប្រើប្រាស់អំពីលក្ខណៈពិសេស និងអត្ថប្រយោជន៍ម៉ូតូអគ្គិសនី ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យកាន់តែទូលំ ទូលាយនៅកម្ពុជា។ 

លើសពីនេះ ម៉ូតូអគ្គិសនីមានភាពសំខាន់ ក្នុងការប្រើប្រាស់ថាមពលស្អាត និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។ 

នេះជាការបញ្ជាក់បន្ថែមរបស់លោក លី កុកឆាយ។ យ៉ាងណាមិញ លោក លី កុកឆាយ មានជំនឿចិត្តយ៉ាងមុតមាំក្នុងការផ្ដល់នូវផលិតផលនិងសេវាកម្មល្អទៅកាន់អតិថិជន ដែលជ្រើសរើសម៉ូតូអគ្គិសនី ម៉ាក់ LV JU យកទៅប្រើប្រាស់ដោយសង្ឃឹមថា ប្រភេទម៉ូតូអគ្គិសនី ម៉ាក់ LV JU នេះ នឹងលក់ដាច់ខ្លាំងជាងគេនៅលើទីផ្សារតាមរយៈគុណភាព និងសេវាកម្ម។ 

ជាពិសេសក្រុមហ៊ុនក៏មានសេវាកម្មជួសជុល និងមានគ្រឿងបន្លាស់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ របស់អ្នកប្រើប្រាស់ និងទទួលបាននូវអត្ថប្រយោជន៍ពីម៉ូតូអគ្គិសនី៖ ការសន្សំសំចៃ ថវិកា, ជិះបានឆ្ងាយ, មានសុវត្ថិភាព, មិនបាច់ចាក់សាំង, មិនបាច់ដូរប្រេងម៉ាស៊ីន, ងាយស្រួលក្នុងការថែទាំ, គ្មានសំឡេងរំខាន, គ្មានការបំភាយផ្សែងពុល, មិនបារម្ភចំពោះផ្លូវលិចទឹក៕