(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា ឬក្រុម២២ ត្រូវបានបង្កើត និងដឹកនាំផ្ទាល់ដោយសម្ដេចតេជោ ហ៊ុន សែន ដែលជាចំណែកក្នុងការស្វែងរកសន្ដិភាព។
នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅអគារ OCIC ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានគូសរំលេចអំពីប្រវត្តិនៃការបង្កើត ចលនាយុវជនដំបូងគេ ដោយផ្សារភ្ជាប់យន្តការយុវជនសំខាន់ចំនួន២ ក្នុងនោះរួមមាន សមាគមន៍ និស្សិតបញ្ញាវ័ន្តក្មេងវត្ត និងសហព័ន្ធនិស្សិតបញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) ដែលយន្តការនេះត្រូវបានបង្កើតឡើង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងដំណើរស្វែងរកសុខសន្តិភាព ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា បើទោះបីជាក្រុម២២ បច្ចុប្បន្ននេះស្ថិតក្រោមឆ័ត្រតែមួយរបស់សហភាព សហព័ន្ធយុវជនកម្ពុជាក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន តែងរំលឹកពីការលះបង់ និងការរួមចំណែកក្នុងការនាំយកសុខសន្តិភាពជូនប្រទេសជាតិផងដែរ។ ជាមួយគ្នានេះ លោកប្រធាន ស.ស.យ.ក. បាននាំយកការផ្តាំផ្ញើ និងការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ជូនដល់ក្រុមការងារ ក្រុម២២ ទាំងអស់ក៏ដូចជាធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការលះបង់ និងការបំពេញ តួនាទីភារកិច្ចបានយ៉ាងខ្ជាប់ខ្ជួនរបស់ពួកគាត់ ជាពិសេសការបេ្តជ្ញាចូលរួមយ៉ាងសកម្មជាមួយគ្រួសារ ស.ស.យ.ក.នាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ន។
បន្ថែមពីនេះឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ទោះបីបច្ចុប្បន្ន យើងរស់នៅក្រោម ម្លប់សុខសន្តិភាព ប៉ុន្តែយើងត្រូវបន្តពង្រឹងរចនាសម្ព័ន្ធ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការចូលរួមផ្សព្វផ្សាយនូវចក្ខុវិស័យរបស់កម្ពុជា ព្រមទាំងព័ត៌មានដែលត្រឹមត្រូវ ដើម្បីផ្ដល់ឱកាសឲ្យយុវជនបានសិក្សាស៊ីជម្រៅ និងបន្តថែរក្សាស្មារតី២ធ្នូ ដោយបណ្តុះមនសិការ ការគិតរបស់យុវជនលើផលប្រយោជន៍រួម ទាំងពេលបច្ចុប្បន្ន និងទៅអនាគត៕