ឥណ្ឌា៖ នៅយប់ថ្ងៃទី៩ ធ្នូ បុរសជនជាតិឥណ្ឌាអាយុ ៣៤ឆ្នាំ ម្នាក់បានសម្លាប់ខ្លួន ។
នៅជាប់នឹងខ្លួនគាត់មានផ្ទាំងបដាសរសេរថា «យុត្តិធម៌គឺជាអ្វីៗដែលសមនឹងទទួលបាន»។
បើតាមការចេញផ្សាយពីគេហទំព័រ BBC News នាថ្ងៃ ចន្ទ ទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៤បុរសដែលបានធ្វើអត្តឃាតខាងលើ បានបន្សល់ទុកនូវកំណត់ត្រាអត្តឃាត ២៤ ទំព័រយ៉ាងលម្អិត និងវីដេអូ ៨១ នាទី ដែលគាត់បានស្តីបន្ទោសបញ្ហានៅក្នុងដំណើរការអាពាហ៍ពិពាហ៍ និងការលែងលះរបស់គាត់។
សំបុត្រ និងវីដេអូដែលមានព័ត៌មានលម្អិតដ៏គួរឱ្យសោកសៅអំពីជីវិតរបស់គាត់បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបង្កឱ្យមានការខឹងសម្បារជាខ្លាំងពីសំណាក់ប្រជាជនឥណ្ឌា។
បុរសរងគ្រោះខាងលើ បានបន្សល់ទុកនូវសំបុត្រ និងវីដេអូ ដោយធ្វើការចោទប្រកាន់ទៅលើប្រពន្ធ ម្ដាយក្មេក និងប្អូនប្រុសថ្លៃរបស់ខ្លួន ក្នុងការយាយីក៏ដូចជាធ្វើទារុណកម្មមកលើរូបគេយ៉ាងឃោឃៅ។
ហើយពេលនេះ អ្នកទាំងបីត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការបែកធ្លាយនូវរឿងរ៉ាវខាងលើ ប៉ុន្មានថ្ងៃក្រោយមក ហើយតុលាការបានឃុំខ្លួនពួកគេរយៈពេល ១៤ ថ្ងៃ។
ដំណឹងនៃការស្លាប់ដ៏សោកនាដកម្មរបស់បុរសរងគ្រោះខាងលើនេះ ក៏បានធ្វើឱ្យសកម្មជនសិទ្ធិបុរស និងបានចាប់ផ្តើមការជជែកវែកញែកកាន់តែទូលំទូលាយជុំវិញថ្លៃបណ្ណាការដ៏លំបាករបស់ប្រទេសឥណ្ឌាផងដែរ។
បន្ទាប់ពីផ្ទុះនូវរឿងសោកនាដកម្មនេះឡើង មនុស្សជាច្រើនបាននាំគ្នាប្រកែកថា ករណីនៃការលែងលះក្នុងប្រទេសឥណ្ឌាបានកើនឡើងជាលំដាប់ ហើយពេលនេះច្បាប់កំពុងត្រូវបានស្ត្រីប្រើប្រាស់ខុស ដើម្បីបៀតបៀនប្តីរបស់ពួកគេ ហើយថែមទាំងបង្ខំឱ្យប្ដីរបស់ពួកគេសម្លាប់ខ្លួនថែមទៀតផង។
តុលាការកំពូលរបស់ប្រទេសឥណ្ឌាក៏បានថ្លឹងថ្លែងផងដែរទាក់ទងជាមួយនឹងរឿងដ៏ចម្រូកចម្រះនេះ ដោយចៅក្រមម្នាក់បានពណ៌នាថាវាជា "អំពើភេរវកម្មស្របច្បាប់" ដែល "មានបំណងប្រើជាខែល និងមិនមែនជាអាវុធរបស់ឃាតក"។
ព័ត៌មាននៃការធ្វើអត្តឃាតរបស់បុរសខាងលើ បានជំរុញឱ្យមានការតវ៉ាក្នុងទីក្រុងមួយចំនួន។ ខណៈដែល មនុស្សជាច្រើនបានចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីទាមទារយុត្តិធម៌សម្រាប់ បុរសរងគ្រោះខាងលើនេះ ។
បុរសដែលបានធ្វើអត្តឃាតខាងលើ មានឈ្មោះថា Subhash រូបគេបានរៀបការជាមួយនឹង Nikita Singhania ដែលជាភរិយាអស់រយៈពេលបីឆ្នាំហើយ ។
មុនកើតនូវហេតុការណ៍ខាងលើ បុរសជាជនរងគ្រោះត្រូវបានប្រពន្ធរបស់ខ្លួនចោទប្រកាន់ និងប្ដឹងតុលាការពីបទឃោឃៅ ការបៀតបៀនថ្លៃបណ្ណាកា និងអំពើខុសផ្សេងៗជាច្រើនទៀត ដែលវាសុទ្ធសឹងតែមិនមែនជាការពិត។
មិនតែប៉ុណ្ណោះ នាងថែមទាំងមិនអនុញ្ញាតឲ្យបុរសដែលជាស្វាមីជួបកូនប្រុសរបស់ពួកគេថែមទៀតផង។
ក្នុងអំឡុងពេលនៃការសួរចម្លើយ ប្រពន្ធរបស់បុរសរងគ្រោះនេះបានធ្វើការបដិសេធទាំងស្រុងរាល់ការចោទប្រកាន់របស់ប្ដីនាង ដោយនាងបានអះអាងថា បុរសជាប្ដីខាងលើបានយាយីនាងដើម្បីថ្លៃបណ្ណាការ។
នាងបានបន្តថា គ្រួសារខាងប្ដីនាងមិនសប្បាយចិត្ដនឹងអំណោយដែលឪពុកម្ដាយខាងនាង បានឲ្យក្នុងពេលរៀបការ និងបានទាមទារប្រាក់បន្ថែមទៀតពីគ្រួសារនាង។
គួរបញ្ជាក់ថា នៅប្រទេសឥណ្ឌា មុនរៀបអាពាហ៍ពិពាហ៍ គ្រួសារខាងកូនក្រមុំត្រូវផ្ដល់ជាថ្លៃបណ្ណាការដូចជា សាច់ប្រាក់ សំលៀកបំពាក់ និងគ្រឿងអលង្ការ ទៅដល់គ្រួសារខាងកូនកម្លោះផងដែរ។
ហើយបើយោងទៅតាមការិយាល័យកំណត់ត្រាឧក្រិដ្ឋកម្មជាតិ កូនក្រមុំមានចំនួន បីម៉ឺនប្រាំពាន់បួនរយកៅសិបបី នាក់ (៣៥,៤៩៣ នាក់) ត្រូវបានសម្លាប់នៅក្នុងប្រទេសឥណ្ឌាចន្លោះពីឆ្នាំ ២០១៧ និង ២០២២ ដែលជាមធ្យមក្នុងនោះមានស្រ្តី ២០ នាក់ក្នុងមួយថ្ងៃត្រូវបានធ្វើអត្តឃាតដោយសារតែថ្លៃបណ្ណាការ។
បន្ទាប់ផ្ទុះនូវរឿងដ៏ស្មុគស្មាញបែបនេះហើយ ពេលនេះប៉ូលីសនៅតែស៊ើបអង្កេតទាក់ទងនឹងការចោទប្រកាន់ និងការប្រឆាំងការចោទប្រកាន់ចំពោះរឿងរ៉ាវរបស់បុរសដែលបានធ្វើអត្តឃាតខាងលើ។