2024-12-23 13:33
6

រដ្ឋធានីមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ បានជួបជាមួយនឹងនាយករដ្ឋមន្រ្ដីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) នៅក្នុងវិមានក្រឹមឡាំង ហើយនេះជាដំណើរទស្សនកិច្ចដ៏កម្ររបស់មេដឹកនាំសហភាពអឺរ៉ុប ទៅកាន់រដ្ឋធានីមូស្គូ ខណៈកិច្ចព្រមព្រៀងនាំឧស្ម័នរុស្ស៊ី ឆ្លងកាត់ប្រទេសអ៊ុយក្រែនជិតដល់ការផុតពេលកំណត់។

ប្រទេសស្លូវ៉ាគី ពឹងផ្អែកលើឧស្ម័ន ឆ្លងកាត់ប្រទេសជិតខាងអ៊ុយក្រែន ហើយប្រទេសអឺរ៉ុបមួយនេះ បានបង្កើនកិច្ចខិតខំប្រឹងប្រែង សម្រាប់ការរក្សាលំហូរឧស្ម័នទាំងនោះ រហូតដល់ឆ្នាំ២០២៥ ខណៈមេដឹកនាំស្លូវ៉ាគី បានរិះគន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskiy) ចំពោះការបដិសេធបន្តកិច្ចសន្យា ដែលផុតកំណត់នៅចុងឆ្នាំនេះ។

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្ដី ហ្វីកូ ទៅកាន់រដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី ជាដំណើរទស្សនកិច្ចលើកទី៣ របស់ប្រមុខរដ្ឋាភិបាល នៃប្លុកសហភាពអឺរ៉ុប ចាប់តាំងពីរុស្ស៊ី បានឈ្លានពានប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ 

ស្របគ្នានេះដែរ ក្រុមអ្នកនយោបាយប្រឆាំងរបស់ស្លូវ៉ាគី បានហៅដំណើរទស្សនកិច្ចនេះ ជាការគួរឲ្យអាម៉ាស់បំផុត។

លោកនាយករដ្ឋមន្រ្ដី ហ្វីកូ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយជំនួបនេះថា ក្រុមមេដឹកនាំសហភាពអឺរ៉ុប ត្រូវបានផ្ដល់ដំណឹងអំពីដំណើរទស្សនកិច្ចរបស់គាត់ កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ សប្ដាហ៍មុន។
 

បើតាមមេដឹកនាំស្លូវ៉ាគី រូបនេះ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ ជាការឆ្លើយតបទៅនឹងកិច្ចចរចា កាលពីសប្ដាហ៍មុន ជាមួយនឹងលោកប្រធានាធិបតី ហ្សេឡែនស្គី ដែលបានប្រឆាំងនឹងការបញ្ជូនឧស្ម័នណាមួយ ឆ្លងកាត់ប្រទេសអ៊ុយក្រែន ទៅកាន់ប្រទេសស្លូវ៉ាគី។ 

រីឯប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន បានបញ្ជាក់ពីការត្រៀមខ្លួនរបស់សហព័ន្ធន៍រុស្ស៊ី នៅក្នុងការបន្តផ្គត់ផ្គង់ឧស្ម័នទៅកាន់លោកខាងលិច និងស្លូវ៉ាគី ដែលជាការអនុវត្ត មិនអាចទៅរួចក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយសារតែមើលឃើញ អំពីគោលជំហររបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី កាត់ផ្ដាច់ការបង្ហូរឧស្ម័នឆ្លងកាត់ប្រទេសអ៊ុយក្រែន៕