2024-12-23 18:30
4

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ ព្រមទាំងក្រុមការងារ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះបាន អញ្ជើញ ចុះ ពិនិត្យមើលការរៀបចំសោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយដ្ឋានធម្មជាតិទឹក ធ្លាក់ភ្នំខៀវ អូរតាវ៉ៅ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ នាឱកាសបុណ្យឆ្លងឆ្នាំសាកល ២០២៥ នាពេលខាងមុខនេះ ។

នៅក្នុងឪកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថា ៖ បច្ចុប្បន្ននេះ រដ្ឋបាល ខេត្តប៉ៃលិន បាននិងកំពុងតែខិតខំប្រឹងប្រែងក្នុងការរៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោភ័ណ ភាពនៅ ក្នុងខេត្តយ៉ាង សស្រាក់សស្រាំដូចជា ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើង បំភ្លឺ និងភ្លើងលម្អនាពេលរាត្រី ការសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណៈ និងតាម តំបន់ រមណីយដ្ឋានទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែក្លាយជាខេត្តមួយ មានការរីកចម្រើន និងមាន ទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍សម្រាប់ថ្ងៃ អនាគតផងដែរ។

ជាមួយគ្នានោះលោកជំទាវបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា៖ ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ អូរតាវ៉ៅ អោយកាន់តែល្អប្រឡើងឡើង លោកជំទាវ ក៏បានណែនាំអោយមន្ត្រីជំនាញ សហការជាមួយ យុវជន ស ស យ ក ខេត្ត បន្តធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែលម្អហេដ្ឋារចនាសម័ន្ធ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរ ចូលមកកម្សាន្ត នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកល ២០២៥ នាពេលខាងមុខនេះ ។

ទន្ទឹមនិងនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានសំណូមពរដល់បងប្អូន ប្រជា ពលរដ្ឋ និងភ្ញៀវ ទេសចរទាំងអស់ ដែលចូលមកកម្សាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាត អនាម័យ បរិស្ថាន ដោយត្រូវវេចខ្ចប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងការបោះពាសវាលពាសកាល ដែលធ្វើឱ្យប៉ះ ពាល់ ដល់សោភ័ណភាព និងអនាម័យសាធារណៈ។

សូមបញ្ជាក់ថា៖ រម្មណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ជារម្មណីយដ្ឋានល្បីជាងគេ នៅក្នុង ខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ ៥៧ ប្រមាណជាង ៧គីឡូ ម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត បាន ស្ថាបនារួចរាល់នូវផ្លូវបេតុងអាមេ ប្រវែងជាង ៣គីឡូម៉ែត្រ ឡើងទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់ អូរ តាវ៉ៅនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕