2024-12-23 19:40
5

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឧត្តមសនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៤ បានបង្រ្កាបករណីចែកចាយផលិតផលគ្រឿងក្នុងជ្រូក ដែលដឹកតាមម៉ូតូរ៉ឺម៉កផ្ទុកជាង ៧០០គីឡូក្រាម ខូចគុណភាព គ្មានសុវត្ថិភាព បង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋ នៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ការបង្រ្កាបនោះដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។ 

លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ឱ្យដឹងថា៖ «បុរសម្ចាស់ម៉ូតូរ៉ឺម៉ក បានសារភាពថា ផលិតផលគ្រឿងក្នុងជ្រូកខាងលើរូបគាត់គ្រាន់តែស៊ីឈ្នួលដឹកឱ្យគេតែប៉ុណ្ណោះមិនមែនរបស់ខ្លួននោះឡើយ»។ សមត្ថកិច្ចក៏បានធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាចំពោះម្ចាស់ម៉ូតូរ៉ឺម៉ក បញ្ឈប់ការដឹកជញ្ជូនផលិតផលគ្រឿងក្នុងជ្រូកដែលគ្មានប្រភព និងឯកសារច្បាស់លាស់នៅពេលក្រោយទៀត ហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

លោកនាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ទៀតថា៖   «ផលិតផលទាំងនេះ នាំចូលពីប្រទេសជិតខាងដែលកន្លងមកសមត្ថកិច្ចតែងតែបង្រ្កាបបានជាបន្តបន្ទាប់។ ចំពោះផលិតផលគ្រឿងក្នុងជ្រូកជាង ៧០០ គីឡូក្រាម នៅថ្ងៃដដែលសមត្ថកិច្ចក៏បាននាំយកទៅដុតបំផ្លាញចោលផងដែរ»