2024-12-23 19:34
3

កណ្តាលៈ ជនសង្ស័យម្នាក់ខំប្រឹងមកតាំងពីខណ្ឌច្បារអំពៅ ទៅលេងជល់មាន់ ខុសច្បាប់ ក្នុងព្រៃឬស្សី មួយកន្លែងនៅស្រុកអង្គស្នួល ត្រូវសមត្ថកិច្ចឆ្មក់ចុះទៅបង្ក្រាប លុះពេលរត់មិនទាន់គេក៏ឆ្លើយ ដោះសារ ថា គ្រាន់តែមកឈរមើលគេ តែប៉ុណ្ណោះ ទីបំផុតត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថាប្រតិបត្តិការខាងលើ  នេះបានធ្វើឡើងកាលពី វេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតនៅ ចំណុច ក្នុងភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ចំណែក ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ឈួន សុខគា ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិស្វាយតាអុង១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកអធិការបន្ថែមថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុម អ្នកញៀន ល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយខុសច្បាប់ កំពុងជួបជុំគ្នាលេងជល់មាន់ ដោយចល័ត ពីកន្លែងមួយ ទៅកន្លែងមួយនៅចំណុចព្រៃឬស្សី ក្នុងភូមិត្រពាំងទ្រា ឃុំបែកចាន លោកក៏បានបញ្ជា ឱ្យកម្លាំង ចេញ ទៅប្រតិបត្តិការបង្ក្រាបភ្លាមតែម្តង។លុះពេលកម្លាំងយើងចូលទៅដល់ក្បែរទីតាំង ក្រុមអ្នកលេង ទាំងនោះក៏បានផ្អើលរត់ប្រសេច ប្រសាច កាត់ព្រៃឬស្សី កាត់វាលស្រែ យករួចខ្លួន ប៉ុន្តែយ៉ាងណានោះ  កម្លាំងយើងក៏តាមឃាត់បានម្នាក់ និងប្រមូលបានវត្ថុតាង សត្វមាន់ឈ្មោល០១ក្បាល, ស្បែក ជើង ០២គូ, កន្រ្ដកដាក់មាន់០២, ស្កតរុំខ្នាយមាន់១១ដុំ, ជញ្ជីង ០១គ្រឿង ម៉ូតូចំនួន៦គ្រឿង ទូរសព្ទ័១គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីធ្វើការសាកសួរ ។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយថា រូបគេមិនបានលេងជល់មាន់នោះទេ ដោយគ្រាន់តែ មកឈរមើលគេលេងតែប៉ុណ្ណោះ ប៉ុន្តែ ទោះជាឆ្លើយយ៉ាងណា ជនសង្ស័យរួមជាមួយ វត្ថុតាង ត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់នៅរសៀលថ្ងៃដដែលនោះ៕