(កំពត) ៖ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤នេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែដាក់ចុះនូវគោលនយោបាយ និងកិច្ចចង្អុលការដល់ខេត្តដែលមានសក្តានុពលទេសចរណ៍ ឲ្យខិតខំអភិវឌ្ឍន៍កែច្នៃដើម្បីទាញទេសចរ ជំរុញកំណើនសេដ្ឋកិច្ចជូនពលរដ្ឋក្នុងតំបន់។
ជាមួយគ្នានោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានសន្យាថានឹងជួយរៀបចំកែលម្អកន្លែងសហគមន៍ទេសចរណ៍នានាឱ្យកាន់តែមានភាពទាក់ទាញយ៉ាងល្អជាងមុន។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ក្នុងដំណើរចុះពិនិត្យស្ថានភាពរបស់បងប្អូនប្រជានេសាទ ដែលរស់នៅកន្លែងដែលចុះពិនិត្យទីតាំងសម្រាប់កែលម្អសោភ័ណភាពនៅសហគមន៍នេសាទចំនួន២ គឺសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ដែលស្ថិតនៅក្នុងសង្កាត់ព្រែកត្នោតក្រុងបូកគោខេត្តកំពត។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោមកិច្ចចង្អុលការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ និងជំរុញដល់អាជ្ញាធរខេត្តដែលមានសក្តានុពលទេសចរណ៍ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍ កែច្នៃ តំបន់ទាំងនោះ ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដើម្បីស្រូបទាញភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្ត ជាពិសេសនោះក្នុងការទាញយកចំណូលជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះឱ្យមានជីវភាពបានធូរធារជាងមុន។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្ថែមឱ្យដឹងទៀតថា រដ្ឋបាលខេត្តនឹងជួយកែលម្អសោភ័ណភាពកន្លែង សហគមន៍ទេសចរណ៍នានាឱ្យមានភាពទាក់ទាញ ដើម្បីបំរើប្រយោជន៍ជូនប្រជាពលរដ្ឋ ឱ្យបានយូរអង្វែងទៅថ្ងៃមុខ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថាជាជំហានដំបូងនឹងជួយកែលម្អកន្លែងសហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅមុនគេ ខណៈដែលសហគមន៍ត្រពាំងសង្កែបានរៀបចំ ចំណតរថយន្តថ្មី ដែលឧបត្ថម្ភដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី។
ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតក៏បានបញ្ជាក់ដែរថា នឹងរៀបចំទីតាំងសម្រាប់សាងសង់លំនៅឋានថ្មី ជូនប្រជានេសាទចំនួន ១៣គ្រួសារ ដែលរស់នៅលើខ្នងប្រឡាយផ្ចូវទឹកទៅកាន់សហគមន៍ត្រពាំងរពៅ ហើយយកប្រឡាយនោះធ្វើជាកន្លែងសម្រាប់ទេសចរណ៍ ជិះទូកមើលទេសភាពលម្ហែលេងកម្សាន្ត និងធ្វើដំណើរចូលមកសហគមន៍តាមផ្លូវទឹកមើលទេសភាពព្រៃកោងកាង។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពត ក៏បានផ្តាំផ្ញើទៅដល់បងប្អូនប្រជានេសាទ និងអាជីវករ ត្រូវរួមសហការគ្នា ជួយថែរក្សាអនាម័យបរិស្ថាន ចេះស្រឡាញ់គ្នា ជាពិសេសត្រូវរួមគ្នាអភិរក្ស ថែរក្សាធនធានធម្មជាតិឱ្យបានល្អប្រសើរទៅថ្ងៃមុខផងដែរ។(សឹង រ៉ាត់)