2024-12-23 18:08
5

ព្រះសីហនុ៖ មនុស្ស ចំនួន ០២ នាក់ បាននាំគ្នាអង្គុយផឹកស៊ីរហូតដល់ស្រវឹង ធ្វើសកម្មភាពបៀតបៀនដោយចាប់ដៃចាប់ជើង កូនក្រមុំរបស់គេទាំងកណ្តាលផ្លូវ ហើយនារីរងគ្រោះបានរត់ទៅប្រាប់ឪពុកនៅផ្ទញ ក៏ផ្ទុះកំហឹងខ្លាំងបានទាញដំបងឈើ និងហៅអ្នកជិតខាងម្នាក់ទៀត ដើរសំដៅទៅរកជនឈ្លាតឱកាសដែលកេងចំណេញលើកូនស្រី បានវាយបណ្តាលឱ្យស្លាប់ម្នាក់ ក្រោយពេលបញ្ជូនទៅសង្គ្រោះ និងម្នាក់ទៀត រងរបួសធ្ងន់។

ករណីអំពើហិង្សារខាលើនេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ៧យប់ ត្រង់ចំណុច ដែកកោង ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កដោយជនដៃដល់ ចំនួន ០២ នាក់ ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយពេលកើតហេតុ។

នគរបាលបានឱ្យដឹងថា ជនដៃដល់ក្នុងករណីវាយសម្លាប់ជនរងគ្រោះ២នាក់ រួមមាន ឈ្មោះ សឿន ដារ៉ូ ភេទប្រុសអាយុ ៣២ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ជាជនដៃដល់ប្រើដំបងឈើវាយ និង ឈ្មោះ អាន គឹមហឿន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ យាមដី ស្នាក់នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រើដៃវាយ។

ប្រភពបានបន្តទៀតថា ជនសង្ស័យបានធ្វើសកម្មភាពប្រើដំបងឈើមូល និងដៃវាយធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ ចំនួន ០២ នាក់ មានឈ្មោះ សុក វីន ហៅម៉ាប់ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅកំណើតស្រុកជុំគីរី ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ត្រូវចំកញ្ចឹង.កខាងក្រោយ ផ្នែកខាងឆ្វេង ០១ ដំបង បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅពេទ្យមណ្ឌលសុខភាពឃុំរាម និង ឈ្មោះ មាន ផាឃឹន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ បុគ្គលិកដឹកជញ្ជូន ក្រុមហ៊ុន E Gets មានទីលំនៅកំណើតភូមិត្រែងពក ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត បច្ចុប្បន្នស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវចំក្បាលខាងក្រោយ ០១ ដំបង និងខ្នង ០២ ដំបង របសួសស្រាល។

តាមសាក្សីបានឱ្យដឹងថា ចំពោះមូលហេតុនាំឱ្យកើតមានអំពើហិង្សានេះ មកពីជនរងគ្រោះឈ្មោះ សុក វីន ហៅម៉ាប់ បានផឹកស្រាស្រវឹងហើយដើរទៅចាប់ដៃចាប់ជើងកូនស្រីរបស់ ជនបង្កឈ្មោះ អាន គឹមហឿន នៅកណ្តាលផ្លូវ រួចកូនស្រីបានមកប្រាប់ឪពុក ហើយឪពុកខឹងខ្លាំងគេបៀតបៀនកូនស្រី ក៍ចេញពីផ្ទះជាមួយអ្នកភូមិផ្ទះជាប់គ្នាម្នាក់ទៀត ធ្វើសកម្មភាពយកដំបងវាទៅលើជនរងគ្រោះតែម្តង។ វត្តតាងចាប់យករួមមាន បងឈើមូល ចំនួន ០៣កំណាត់ និងទូរសព្ទដៃ ចំនួន ០១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានបានសមត្ថកិច្ចយកមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់៕