ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងលើកសំណុំរឿងព្រហ្មទណ្ឌរបស់ប្រធានគណបក្សកម្លាំងជាតិ ពាក់ព័ន្ធបទល្មើស «ញុះញុងបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» យកមកបើកសាវនាការទី៣។ នេះបើកយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ គណបក្សកម្លាំងជាតិ ដែលបណ្តាញសារព័ត៌មាន អឹម អេស ជេ ទទួលបាននាព្រឹកថ្ងៃទី២៣ ខែធ្នូនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គណបក្សកម្លាំងជាតិ បានបញ្ចាក់ឱ្យដឹងថា៖ «លោក ស៊ុន ចន្ទី ប្រធានគណបក្សកម្លាំងជាតិ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការទី៣ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រវេលាម៉ោង ៨និង៣០នាទីព្រឹក នៅខណ្ឌជ្រោយចង្វារ»។
គណបក្សកម្លាំងជាតិ បានធ្វើការអញ្ជើញថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស ភ្នាក់ងារស្ថានទូតប្រចាំនៅកម្ពុជា អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងសាធារណជន ចូលរួមលើកទឹកចិត្ត លោក ស៊ុន ចន្ទី ប្រធានគណបក្ស និងឃ្លាំមើល យកព័ត៌មាន ព្រមទាំង ផ្តិតរូបភាព ឱ្យបានច្រើនកុះ-ករ។
លោក សេង ហៀង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតអញ្ជើង លោក ជុង ជូងឺ មេធាវីការពារសិទ្ធឱ្យជនជាប់ចោទ ស៊ុន ចន្ទី ភេទប្រុស អាយុ ៤៤ឆ្នាំ ឱ្យចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដើម្បូចូលរួមសាវនាការទី៣ ពីដំណើររឿងករណី «ញុះញុងបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងៗទៀតក្នុងឆ្នាំ២០២៤ សាម៉ីខ្លួនត្រូវអញ្ជើញតាមលិខិតអញ្ជើញនេះ ឱ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងសំំណុំរឿងខាងលើ មកជាមួយប្រសិនបើមាន។
សូមជម្រាបថា លោក ស៊ុន ចន្ទី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ព័ន្ធនឹងដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយបុគ្គល រូបនេះ បានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ ថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមូលបង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ៕