2024-12-23 13:54
10

ក្រោយពីមានការថតបង្ហោះវីដេអូខ្លីមួយដោយនិយាយចោទប្រកាន់មកក្រុមគ្រូពេទ្យកាលពីថ្ងៃទី២១  ខែធ្នូ ឆ្នាំ ២០២៤ថា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ពេទ្យចំការចេកបានទុកអ្នកជំងឺចោល ដោយមិនបានយកចិត្តទុកដាក់នោះ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុមានកិត្តិយសសូមចេញសេចក្ដីបំភ្លឺថា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុសូមស្រាយបំភ្លឺចំពោះ account facebook គណនេយ្យឈ្មោះ KG TV លើករណីអ្នកជំងឺជនអនាថាម្នាក់ឈ្មោះ ជា សារឿន ភេទ ប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានជំងឺសន្លាក់ដើរមិនរួច (ប្រភេទជំងឺ Poly arthritis) បានចូលសម្រាកព្យាបាលតាំងពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅផ្នែកជំងឺទូទៅនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មិនដូចការលើកឡើងរបស់គណនេយ្យហ្វេសប៊ុកខាងលើឡើយ។ 

ចំពោះគណនេយ្យហ្វេសប៊ុកផ្សេងមួយទៀតឈ្មោះ ឆាយ ផល្លីន ដែលបានបង្ហោះថាអ្នកជំងឺខាងលើបានទទួលមរណភាពនោះក៏មិនពិតដែរ សូមកុំប្រមាថអាយុជីវិតរបស់គាត់។

មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុសូមជម្រាបជូនថា មន្ទីរពេទ្យមិនបានទុកអ្នកជំងឺចោលនោះទេ ជារៀងរាល់ថ្ងៃក្រុមការងារតែងតែយកគាត់មកសម្អាតកាយនៅខាងក្រៅដើម្បីកុំឲ្យមានក្លិនមិនល្អនៅក្នុងបន្ទប់គាត់ និងជះក្លិនមិនល្អទៅកាន់អ្នកសម្រាកក្បែខាងគាត់។ 

មន្ទីរពេទ្យក៏បានផ្ដល់អាហារជូនគាត់រៀងរាល់ថ្ងៃផងដែរ ដោយសារអ្នកជំងឺមិនមានសាច់ញាតិមកមើលថែទាំ។ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន។
 

សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាមន្ទីរពេទ្យដែលត្រូវបានពលរដ្ឋក្នុងខេត្តព្រះសីហនុ លួចសរសើរមិនដាច់ពីមាត់ តែងតែយកចិត្តទុកដាក់ជាមួយអ្នកជំងឺ មិនថាមាន មិនថាក្រនិងមិនបានរើសអើងអ្នកជំងឺដូចការលើកឡើងរបស់គណនេយ្យហ្វេសប៊ុកខាងលើនោះទេ។ 

ម្យ៉ាងវិញទៀត ពលរដ្ឋតែងតែលួចសរសើរមិនដាច់ពីមាត់ចំពោះលោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ពេទ្យចំការចេក លោកតែងតែលើកលែងនឹងជួយសម្រួលឱ្យមានភាពងាយស្រួល ដល់អ្នកជំងឺនឹងតែងតែជួយចេញថ្លៃព្យាបាលចំពោះអ្នកជំងឺណាដែលខ្វះខាតជាបន្តបន្ទាប់ផងដែរ។