ភ្នំពេញ៖ នៅព្រឹក ថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញមកបញ្ជាក់ជូនសាធារណជន និងបណ្តាញព័ត៌មាននានា មេត្តាជ្រាបថា៖ «នៅយប់ថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មានករណីបង្ហោះផ្សាយតៗគ្នា ដោយគ្មានប្រភព ដោយបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួន និងក្រុម MMO ស្តីពី ករណីគ្រោះថ្នាក់រវាងរថភ្លើងជាមួយរថយន្តក្រុងទេសចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលជាហេតុការណ៍ចាស់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ មកម្លេះ ធ្វើឲ្យមានការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរ»។
លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវយ៉ាងទទូចឲ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងចែករំលកតៗគ្នានូវព័ត៌មានមិនពិត ដែលនាំទៅដល់ការភ័ន្តច្រលំ ដែលជាកំហុសលីសធម៌ដ៏ធ្ងន់ធ្ងរក្នុងសង្គម។
សូមជម្រាបថា ករណីបណ្តាញសារព័ត៌មានមួយចំនួន និងក្រុម MMO បានបង្ហោះវីដេអូករណីរថភ្លើងបុកជាមួយរថយន្តក្រុង នៅយប់ថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែធ្ននេះ គឺជាវីដេអូចាស់។
ករណីគ្រោះថ្នាក់ចរាចររវាងរថយន្តភ្លើងបុកជាមួយរថយន្តក្រុងនេះ បានកើតឡើងតាំងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ស្ថិតត្រង់ចំណុច ផ្លូវបំបែកចូលទៅទឹកធ្លាក់ច្រកល្អៀង ក្នុងភូមិបាណក់ ឃុំឈើតុំ ។