ភ្នំពេញ៖ នគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងចាប់ផ្តើមធ្វើការអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ ចាប់ពីថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ និងប្រាប់ឱ្យដល់ប្រជាពលរដ្ឋ ដែលមានបណ្ណបើកបរយានយន្តគ្រប់ប្រភេទជិតអស់ពិន្ទុ ត្រូវទៅដាក់ពាក្យសុំរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសេចក្តីជូនដំណឹងស្តីពី ការអនុវត្តដកបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុ ឬពិន្ទុសូន្យ ដោយយោងប្រកាសអន្តរក្រសួងលេខ ១៧៦ ប្រក.សក.ដជក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។
សម្រាប់ការអនុវត្តការដកបណ្ណបើកបរដែលអស់ពិន្ទុ ឬពិន្ទុសូន្យនេះ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ក្នុងលិខិតថា គឺ៖ «ដើម្បីបង្កើនប្រសិទ្ធភាព នៃការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា និងបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ និងធានាគ្រប់គ្រងប្រកបដោយតម្លាភាព នូវការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»។
អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្ត គ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ និងសូមសំណូមពរដល់ប្រជាពលរដ្ឋដែលមានបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ជិតអស់ពិន្ទុ ត្រូវទៅដាក់ពាក្យសុំរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន»។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានសំដែងនូវសេចក្តីសង្ឃឹម និងជឿជាក់លើការចូលរួម របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការអនុវត្តសេចក្តីជូនដំណឹងនេះ ដើម្បីលើកកម្ពស់ការគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក កាត់បន្ថយគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរជាលំដាប់។
សូមជម្រាបថា ប្រទេសកម្ពុជាចាប់ផ្ដើមអនុវត្តដកពិន្ទុបណ្ណបើកបរ និងបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអ្នកល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចាប់ផ្តើមអនុវត្តសាកល្បងនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ និងអនុវត្តពេញលេញជាផ្លូវការនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
ចំពោះការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានបញ្ជាក់ថា៖ «អ្នកបើកបរប្រព្រឹត្តខុសច្បាប់ចរាចរ គឺអាចត្រូវដកពិន្ទុចាប់ពី ១, ២, ៣, ៤ ឬ៥ ពិន្ទុ ទៅតាមបទល្មើសជាក់ស្តែង ដោយពិន្ទុពេញសម្រាប់បណ្ណបើកបរមាន ១២ ពិន្ទុប៉ុណ្ណោះ។
បើដកពិន្ទុអស់រលីង គឺនគរបាលមានសិទ្ធិដកហូតបណ្ណបើកបរ និងមិនអនុញ្ញាតឱ្យបើកបរទៀតទេ ដូច្នេះ ទាល់តែដល់ពេលកំណត់មួយ ហើយត្រូវទៅរៀនបើកបរឡើងវិញ តាមនីតិវិធីទើបអាចទទួលបណ្ណបើកបរធ្វើចរាចរឡើងវិញបាន»៕