2024-12-31 11:39
34

កូរ៉េខាងត្បូង៖ តុលាការក្រុងសេអ៊ូលបានចេញដីកាចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ពីបទប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ យោងតាមការចេញផ្សាយពីគេហទំព័រ BBC News នាថ្ងៃ អង្គារ ទី ៣១ ខែ ធ្នូ។

ដីកានេះធ្វើឡើងបន្ទាប់ពីលោក Yoon ដែលកំពុងប្រឈមមុខនឹងការស៊ើបអង្កេតជាច្រើនស្តីពីការបះបោរ និងការចោទប្រកាន់ពីបទក្បត់ជាតិ ដោយក្នុងនោះ លោកមិនអើពើនឹងការកោះហៅចំនួនបីលើកមកហើយ ដើម្បីបង្ហាញខ្លួនសម្រាប់ការសាកសួរក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។ 

ហើយកាលពីយប់ថ្ងៃអាទិត្យ ក្រុមអ្នកស៊ើបអង្កេតក៏បានស្វែងរកដីកាចាប់ខ្លួនលោក Yoon លើការចោទប្រកាន់ពីបទបះបោរ និងការរំលោភបំពានអំណាច ដែលជាទង្វើដែលមេធាវីរបស់គាត់បានពិពណ៌នាថា "ខុសច្បាប់" ។

គួររំឭកថា កូរ៉េខាងត្បូងមានវិបត្តិនយោបាយ ចាប់តាំងពីការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី ដោយលោក Yoon និងអ្នកស្នងតំណែងទាំងពីរត្រូវបានចោទប្រកាន់ដោយសភាមកម្ល៉េះ។ 

ដោយក្នុងនោះលោក Yoon គឺជាប្រធានាធិបតីដំបូងគេរបស់ប្រទេសកូរ៉េខាងត្បូងដែលប្រឈមមុខទៅនឹងការចាប់ខ្លួន។ 

ក្នុងដីកានេះផងដែរ តុលាការបានទុកពេល ៤៨ម៉ោង ដើម្បីនាំខ្លួនលោក Yoon ទៅឃុំខ្លួនដើម្បីធ្វើការសាកសួរ។ 

ទោះជាយ៉ាងនេះក្តី វាមិនច្បាស់ទេថាតើក្រុមអ្នកស៊ើបអង្កេតនឹងអាចអនុវត្តដីកានេះបានទេ ព្រោះថាពួកគេអាចត្រូវបានរារាំងដោយក្រុមសន្តិសុខ និងក្រុមបាតុកររបស់គាត់។ 

ដោយសារតែសេវាសន្តិសុខប្រធានាធិបតីរូបនេះ បានរារាំងអ្នកស៊ើបអង្កេតមិនឱ្យចូលទៅក្នុងបរិវេណនៃការិយាល័យ និងលំនៅដ្ឋានឯកជនរបស់ខ្លួនដើម្បីធ្វើការស្វែងរកការអនុម័តដោយតុលាការនោះទេ។

នាពេលកន្លងមក អាជ្ញាធរកូរ៉េខាងត្បូងបានបោះបង់នូវការប៉ុនប៉ងចាប់ខ្លួនប្រឆាំងនឹងអ្នកនយោបាយលេចធ្លោ បន្ទាប់ពីជំនួយការ និងអ្នកគាំទ្ររបស់អ្នកនយោបាយទាំអនោះបានរារាំងប៉ូលីសម្ដងរួចមកហើយ។

ហើយកាលពីថ្ងៃច័ន្ទ ក្រុមអ្នកច្បាប់របស់លោក Yoon បាននិយាយថា អ្នកស៊ើបអង្កេតមិនមានសិទ្ធិអំណាចចាប់ខ្លួនលោកទេ ដោយសារការប្រកាសច្បាប់អាជ្ញាសឹកគឺស្ថិតនៅក្នុងសិទ្ធិអំណាចរដ្ឋធម្មនុញ្ញរបស់ប្រធានាធិបតី។ 

ដោយពេលកន្លងមកលោក Yoon ក៏ធ្លាប់បានការពារការសម្រេចចិត្តរបស់គាត់ក្នុងការប្រកាសច្បាប់អាជ្ញាសឹក ដែលលោកបានប្តេជ្ញាថានឹង "តស៊ូដល់ទីបញ្ចប់" បើទោះបីជាលោក ក៏ធ្លាប់បាននិយាយដែរថាលោកនឹងមិនគេចពីការទទួលខុសត្រូវផ្នែកច្បាប់ និងនយោបាយរបស់លោកយ៉ាងណាក៏ដោយ។

ពេលនេះផងដែរ ទីកន្លែងលាក់ខ្លួនរបស់លោក Yoon មិនត្រូវបានគេដឹងជាសាធារណៈនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសកូរ៉េខាងត្បូងនោះទេ។ 

ខណៈពេលនេះផងដែរ លោក យ៉ូន ត្រូវបានព្យួរពីតួនាទីប្រធានាធិបតីចាប់តាំងពីថ្ងៃទី ១៤ ធ្នូ បន្ទាប់ពីសមាជិកសភាបានបោះឆ្នោតចោទប្រកាន់លោក ប៉ុន្តែលោកអាចត្រូវបានដកចេញពីតំណែងបានលុះត្រាតែការចោទប្រកាន់របស់លោកត្រូវបានគាំទ្រដោយតុលាការធម្មនុញ្ញរបស់ប្រទេសប៉ុណ្ណោះ។ 

ហើយបច្ចុប្បន្នមានចៅក្រមតែប្រាំមួយរូបប៉ុណ្ណោះនៅលើកៅអីប្រាំបួនរបស់តុលាការធម្មនុញ្ញ។ 

នេះមានន័យថា ការបដិសេធតែមួយនឹងអាចជួយសង្គ្រោះលោក Yoon ពីការដកចេញពីតំណែងបាន។ ឥឡូវនេះ សមាជិកសភាបក្សប្រឆាំងបានសង្ឃឹមថា ការតែងតាំងចៅក្រមបីរូបបន្ថែមនឹងធ្វើឲ្យប្រសើរឡើងក្នុងការដែលលោក Yoon ទទួលបានការចោទប្រកាន់ ប៉ុន្តែសំណើរបស់ពួកគេត្រូវបានលុបចោលដោយនាយករដ្ឋមន្ត្រី Han Duck-soo កាលពីសប្តាហ៍មុនរួចទៅហើយ។ 

ហើយចាប់តាំងពីលោក Han Duck-soo បានធ្វើការលុបចោលនូវសំណើរខាងលើនេះរួចមក គណបក្សប្រឆាំងក៏បានបោះឆ្នោតចោទប្រកាន់លោក Han ដែលបានចូលកាន់តំណែងជាមេដឹកនាំស្តីទី បន្ទាប់ពីលោក Yoon នោះត្រូវបានព្យួរការងារ។ 

ហើយពេលនេះ ពួកគេកំពុងតែធ្វើការគម្រាមធ្វើដូចគ្នាចំពោះរដ្ឋមន្ត្រីហិរញ្ញវត្ថុ Choi Sang-mok ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានាធិបតីស្តីទី និងជានាយករដ្ឋមន្ត្រីស្តីទី។