2025-01-02 21:14
30

រាជធានីភ្នំពេញ៖ បុរសម្នាក់បានងងុយដេកនៅក្នុងពេលកំពុងបើកបរ ហើយក៏បានបោះពួយរថយន្តដឹកដែក ១គ្រឿង ជ្រុលទៅកៀររះជាមួយរថយន្តបែន យីឌុបដឹកថ្ម ១គ្រឿងទៀត ពេញទំហឹង ជាហេតុបណ្ដាលខ្ទេចកាប៊ីនខ្លួនឯងទាំងស្រុង ប្រើការលែងកើត ហើយបុរសជាអ្នកបើកបររូបនោះ រងរបួសធ្ងន់ធ្ងរ ដោយឡែកព្រូរងរបួសស្រាល ហើយរថយន្តបែនដឹកថ្ម ក៏រងការខូចខាតផ្នែកខាងឆ្វេង ផងដែរ ។

ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ៤២ ស្ថិតនៅក្នុងភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា រថយន្តដឹកដែកខាងលើនោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3G-0692 ហើយអ្នកបើកបររថយន្តដឹកដែក និងព្រូដែលរងរបួស មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។ រថយន្តនេះ រងការខូចខាតខ្ទេចកាប៊ីន និងបែកកង់មុខខាងឆ្វេង ដោយឡែករថយន្តបែនយីឌុបដឹកថ្ម ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 3F-3970 ក៏រងការខូចខាតដំណំផងដែរ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ រថយន្តទាំង២គ្រឿងនេះ បានបើកបរធ្វើដំណើរ ក្នុងទិសដៅបញ្ច្រាសគ្នា ដោយរថយន្តដឹកដែក បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅកៀររះជាមួយបែនយីឌុបដឹកថ្ម ដែលកំពុងបើកបរក្នុងទិសដៅពីបញ្ច្រាសគ្នាពីជើងទៅត្បូងទាំងកំរោលតែម្ដង ។

ប្រភពដដែល បានឲ្យដឹងបន្តថា ពេលនោះបានរថយន្តដឹកដែកបានរងការចូចខាតខ្ទេចកាប៊ីន និងបែកកង់មុខខាងឆ្វេងខ្លួនឯង រីឯអ្នកបើកបររងរបួសធ្ងន់ ហើយគាត់ប្រាប់ថា គាត់ងងុយដេក និងងោក១ភាំង ក៏ជួបគ្រោះថ្នាក់បែបនេះទៅ ។

ក្រោយពេលកើតហេតុ អ្នកបើកបររូបនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកព្រូរបស់គាត់ រងរបួសស្រាលប៉ុណ្ណោះ បន្ទាប់មក នគរបាលប៉ុស្តិ៍ និងនគរបាលខណ្ឌកំបូល បានចុះទៅធ្វើការវាស់វែង និងកសាងសំណុំរឿងតាមច្បាប់ចរាចរចរផ្លូវគោក ៕