2025-01-02 20:55
24

ខេត្តពោធិ៍សាត់:   ស្ត្រីពីរនាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូឌុបគ្នាមិនពាក់មួកសុវត្ថិភាពដោយប្រើប្រាស់ល្បឿនលឿនទៅបុកនិងត្រាក់ទ័រ ស្របទិសគ្នាលើផ្លូវជាតិលេខ០៥។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីត្រង់ចំណុចរោងចក្រកាត់ដេរស្នាមព្រះ ចន្លោះគីឡូម៉ែត្រលេខ១៩០-១៩១ ស្ថិតនៅក្នុងភូមិស្នាមព្រះ ឃុំស្លាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋឲ្យដឹងថា: មុនពេលកើតហេតុទំនងជាពួកគេមកពីដើរលេងឆ្លងឆ្នាំនៅលើបុរីវប្បធម៌កោះសំពៅមាស ហើយរំលងអធ្រាត បានជិះម៉ូតូប្រភេទ honda dream សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1K -0577 បានឌុបគ្នាដោយមិនពាក់មួកសុវត្ថិភាព ក្នុងទិសដៅពីកើតទៅលិច ដោយប្រើប្រាស់ក្នុងល្បឿនលឿន ហើយក៏បានបុកពេញទំហឹងពីក្រោយត្រាក់ទ័រកំពុងចរាចរណ៍ស្របគ្នា បណ្ដាលឱ្យស្ត្រីពីរនាក់ស្លាប់នៅហ្នឹងកន្លែងភ្លាមៗតែម្ដង។ ក្រោយពីហេតុការណ៍នេះកើតឡើងភ្លាមៗ ខាងភាគីបើកប្រាក់ទ័រដែលមិនស្គាល់អត្តសញ្ញាណបានបានព្យាយាមបើកបើកត្រាក់ទ័រគេចខ្លួនបាត់។

នគរបាលចរាចរណ៍ផ្លូវគោកស្រុកបាកានបានឱ្យដឹងថា: ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំងពីរនាក់នេះមានឈ្មោះទី១ រ៉ន ធារី ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិបឹងបត់កណ្ដោល ឃុំបឹងបាត់កណ្ដោល

ស្រុកបាកាន ខេត្តពោធិ៍សាត់។ ទី២ ឈ្មោះ សែម សៀវយី អាយុ២១ឆ្នាំ ភេទស្រី រស់នៅភូមិកោះអណ្ដែត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

នគរបាលចរាចរណ៍បន្តថា: មូលហេតុដែលគ្រោះថ្នាក់នេះ គឺពួកគេប្រើប្រាស់ល្បឿនលឿនហើយមិនបានពាក់មួកសុវត្ថិភាព ចំពោះវត្ថុតាងម៉ូតូជនរងគ្រោះគឺត្រូវបានរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជាបណ្ដោះអាសន្ន ដោយឡែកសពអ្នកទាំងពីរបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ ចំណែកភាគីម្ខាងដែលបើកត្រាក់ទ័ររត់គេចខ្លួននោះកម្លាំងសមត្ថកិច្ចយើងកំពុងស្រាវជ្រាវបន្ត៕