2024-12-31 11:45
32

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២  អមដោយឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមសម្របសម្រួលគម្រោងបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រយួរដៃចំនួន ១២៧៩គ្រឿង ជូនមន្ទីរសុខាភិបាលរាជធានី ខេត្តទាំង២២ និងសម្ភារការិយាល័យជូនបណ្តាអង្គភាពអនុវត្តគម្រោង ក្រោមក្របខ័ណ្ឌគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ។ 

នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ និងជានាយកគម្រោង បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នាពេលនេះដែល មានការអញ្ជើញចូលរួមពី លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកអគ្គនាយករងបច្ចេកទេសសុខាភិបាល ឯកឧត្តមប្រធាននាយកដ្ឋានមន្ទីរពេទ្យ លោក លោកស្រី តំណាងនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នាយកដ្ឋានការពារសុខភាព នាយកដ្ឋានថវិកា និង ហិរញ្ញវត្ថុ និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរសុខាភិបាល រាជធានី ខេត្តទាំង២២ ព្រមទាំងក្រុមការងារពាក់ព័ន្ធ។

សូមបញ្ជាក់ថាពិធីប្រគល់-ទទួលនេះ បានរៀបចំឡើងក្នុងគោលបំណងផ្តល់ជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីខេត្តដើម្បីប្រើប្រាស់នៅក្នុងមូលដ្ឋានសុខាភិបាលក្នុងការជំរុញដល់ការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ទៅលើការប្រើប្រាស់ប្រព័ន្ធកត់ត្រាទិន្នន័យវេជ្ជសាស្រ្តអេឡិចត្រូនិក និងប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់អង្គភាពអនុវត្តគម្រោង ។

ទន្ទឹមនឹងនេះ លោកជំទាវនាយកគម្រោង ក៏បានផ្តល់អនុសាសន៍ណែនាំ ជូនមន្ទីរសុខាភិបាល នៃរដ្ឋា បាលរាជធានី ខេត្ត និងមន្ត្រីក្រោមឱវាទ ត្រូវខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការ បំពេញតួនាទី ភារកិច្ចការងារ និងថែរក្សាសម្ភារទាំងនេះ ដែលគម្រោងបានផ្តល់ជូន។ 

ជាចុងក្រោយ លោកជំទាវនាយគម្រោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកទាំងអស់ ដែលបានចូលរួមយ៉ាងច្រើនកុះករ និងយកចិត្តទុកដាក់ក្នុងកម្មវិធីប្រគល់ទទួលនៅក្នុងថ្ងៃនេះ និងសូម ជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥ ខាងមុខនេះ សូមមានសុខភាពល្អ កម្លាំងកាយមាំមួន ប្រាជ្ញាវាងវៃ និងជោគជ័យគ្រប់ភារកិច្ចការងារ។