2024-12-31 11:51
35

ព្រះសីហនុ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំហៅថា «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា៖ «ករណី មន្ត្រីរាជកា និងប្រជាពលរដ្ឋជាច្រើននាក់ មានរាគរូស និងក្អួតចង្អោ បន្ទាប់ពីបរិភោគនំសាំងវិច នៅក្រុងព្រះសីហនុ គឺបានរកឃើញវត្តមាន បាក់តេរី ប្រភេទស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) ក្នុងបរិមាណលើសកម្រិតសុវត្ថិភាព»។ 

មន្ត្រី ក.ប.ប. បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានករណីមនុស្សចំនួន ៤១ នាក់ មានអាការៈរាគរូស និងក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ បន្ទាប់ពីបានទទួលទាននំសាំងវិចដែលទិញមកពីអាហារដ្ឋានមួយកន្លែង។ ករណីនេះត្រូវបានផ្តោតការសង្ស័យថា «ជាករណីពុលចំណីអាហារ»។ 

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ  មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះដល់ទីតាំងកើតហេតុ និងអាហារដ្ឋានមួយកន្លែងដើម្បីប្រមូលព័ត៌មាននិងបានដកយកសំណាកគំរូ ដែលរួមមាននំសាំងវិច និងគ្រឿងផ្សំសម្រាប់ផលិតនំសាំងវិចចំនួន ១២ គំរូ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការវិភាគរកកត្តាបង្កគ្រោះថ្នាក់នានា។ 

លទ្ធផលវិភាគបានបង្ហាញថា «សំណាកគំរូដែលទទួលបានពីកន្លែងកើតហេតុត្រូវបានរកឃើញវត្តមានបាក់តេរី ប្រភេទស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) ក្នុងបរិមាណលើសកម្រិតសុវត្ថិភាព ពោលគឺចំនួនច្រើនជាង ១០.០០០ CFU/g»។ 

សូមបញ្ជាក់ផងដែរថា ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) អាចនឹងបង្កការពុលអាហារ បន្ទាប់ពីបានទទួលទានអាហារមានផ្ទុកបាក់តេរីប្រភេទនេះក្នុងរយៈពេលចាប់ពី១ ទៅ ៦ម៉ោង ដោយបង្ហាញចេញនូវអាការៈរោគមួយចំនួនដូចជា ក្អួតចង្អោរ  ចុកពោះ និង រាគរូសជាដើម។ 

វត្តមាននៃបាក់តេរីទាំងពីរប្រភេទខាងលើនេះបង្ហាញថា ការអនុវត្តអនាម័យក្នុងផលិតកម្ម អនាម័យ បុគ្គលិក អាចនៅមិនទាន់បានល្អប្រសើរនៅឡើយ។
 

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមជាអង្គភាពទទួលបន្ទុកផ្នែកសុវត្ថិភាពម្ហូបអាហារ សូមធ្វើការអំពាវនាវដល់ប្រតិបត្តិករអាជីវកម្មម្ហូបអាហារទាំងអស់ ជាពិសេសបងប្អូនអ្នករៀបចំ កែច្នៃ និងផលិតម្ហូបអាហារ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការអនុវត្តឱ្យបានជាប្រចាំនូវគន្លឹះទាំង៥ ដែលធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាព របស់អង្គការសុខភាពពិភពលោក (WHO) ដូចមានបង្ហាញជូនក្នុង QR Code ខាងក្រោម ដើម្បីធានាដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេសដើម្បីជួយឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហាររួចផុតពីការប្រឈមចំពោះមុខច្បាប់ផងដែរ៕