2025-01-07 10:30
39

ភ្នំពេញ៖ ក្រោយពីការបោះឆ្នោតជាតិលើកទី១ នាខែឧសភា ឆ្នាំ១៩៩៣ ព្រះរាជាណាចក្រកម្ពុជា បានបន្តជំហានទៅមុខប្រកបដោយក្តីសង្ឃឹមលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ប៉ុន្តែនៅតែត្រូវប្រឈមនឹងឧបសគ្គធំៗជាច្រើន ដែលបណ្តាលមកទាំងពីកត្តាផ្ទៃក្នុងផង និងពីកត្តាខាងក្រៅផង ជាពិសេសពួកឧទ្ទាមកម្ពុជាប្រជាធិបតេយ្យ ដែលបានដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែបន្តបង្កសង្គ្រាមបំផ្លិចបំផ្លាញឥតឈប់ឈរ។ 

នេះជាការថ្លែងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នាឱកាសអញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) នៅបរិវេណកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោ បានថ្លែងបញ្ជាក់ថា៖ «បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំសាធារណរដ្ឋប្រជាមានិតកម្ពុជា បានឆ្លងកាត់ឧបសគ្គយ៉ាងច្រើនឥតគណនា ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបប ប៉ុល ពត ការពារការរស់ឡើងវិញរបស់ប្រជាជន និងស្តារ កសាងមាតុភូមិឡើងវិញពីបាតដៃទទេ ក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង»។
 

សម្តេចតេជោ បានបញ្ជក់បន្ថែមថា៖ «ជោគជ័យដែលរដ្ឋកម្ពុជា សម្រេចបានក្នុងរយៈពេល ៨ឆ្នាំ ក្រោយថ្ងៃរំដោះ បានបង្កបុព្វបទ និងលក្ខណៈសម្បត្តិជាមូលដ្ឋានសម្រាប់ការស្វែងរកដំណោះស្រាយចំពោះជម្លោះនៅកម្ពុជា តាមផ្លូវនយោបាយ ដែលបានចាប់ផ្តើមពីជំនួបចរចាលើកដំបូងរវាងសម្តេច និងសម្តេចព្រះនរោត្តមសីហនុ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fere-en-Tardenois ប្រទេសបារាំង រហូតឈានដល់ការ សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជារបត់ដ៏សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា»។ 

សម្តេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងបរិការណ៍នេះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ១៩៩៦ ខ្ញុំព្រះករុណា ខ្ញុំបានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដើម្បីដោះស្រាយបញ្ចប់បញ្ហាសង្គ្រាមដោយខ្មែរខ្លួនឯង ហើយខ្មែរទាំងមូល គឺជាអ្នកឈ្នះដែលនៅទីបំផុតបានធ្វើឲ្យរលំរលាយជាស្ថាពរនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកឧទ្ទាមកម្ពុជាប្រជាធិបតេយ្យ បញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ បង្កើតបានសន្តិភាពពេញលេញ និងឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ មក។ នេះជាសន្តិភាពពេញលេញលើកដំបូងដែលកម្ពុជាពុំធ្លាប់មានឡើយក្នុងរយៈពេល ជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន»។

សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះ ថ្លែងនូវការគោរព និងអរគុណយ៉ាងក្រៃលែងចំពោះប្រតិបត្តិករនៃនយោបាយ «ឈ្នះ-ឈ្នះ» ទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្តអនុវត្តនូវនយោបាយនេះ រហូតសម្រេចបានជោគជ័យយ៉ាងធំធេងជូនជាតិ។ 

នេះគឺជាការយកអាយុជីវិតធ្វើដើមទុនជាលើកទី២ របស់សម្តេច ដើម្បីជាតិ និងប្រជាជន។ ជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាពដ៏យូរអង្វែង ការផ្សះផ្សាជាតិ និងការអភិវឌ្ឍរបស់កម្ពុជា ហើយថែមទាំងបានលុបបំបាត់ក្តីកង្វល់ សន្តិសុខដ៏ធំមួយសម្រាប់តំបន់ទាំងមូល ក៏ដូចសម្រាប់ប្រទេសជាច្រើនលើសកលលោកថែមទៀត៕