2025-01-15 14:03
23

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា៖ «ការឈានដល់វិបត្តិតម្លៃស្រូវ គឺបន្ទាប់ពីប្រទេសឥណ្ឌាបានបញ្ចេញស្រូវទៅលើទីផ្សារ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី ក៏បានកាត់បន្ថយការនាំចូល និងបង្កើនការផលិតដោយខ្លួនឯង។ ចំណែកកម្ពុជា វៀតណាម និងថៃ សុទ្ធតែចាល់លើការនាំចេញស្រូវដូចគ្នា»។ សម្ដេចតេជោមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំជាវិសាមញ្ញ នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា៖ «ឆ្នាំនេះជាឆ្នាំដែលកម្ពុជា អាចសល់ស្រូវលើសពីឆ្នាំមុនៗដែលមានប្រហាក់ប្រហែលជា ៧ លានតោន សម្រាប់បម្រើឱ្យការនាំចេញ ជាពិសេសទៅកាន់ទីផ្សារអ៊ឺរ៉ុប»

សូមជម្រាបថា ពាក់ព័ន្ធនឹងវិបត្តិតម្លៃស្រូវប្រភេទស្រូវ អូអឹម នាពេលនេះម្ចាស់រោងម៉ាស៊ីនកិនស្រូវធំៗនៅក្នុងស្រុក កំពុងសហការរួមគ្នាជួយទិញស្រូវពីបងប្អូនកសិករ ដើម្បីទប់ទល់នឹងសភាពការណ៍ដែលទីផ្សារស្រូវអូអឹម កំពុងជួបការលំបាក ទោះបីជាស្តុកស្រូវ និងអង្កររបស់ខ្លួននៅសល់ពេញឃ្លាំងរួចហើយក៏ដោយ ក្នុងនោះម្ចាស់រោងម៉ាស៊ីនខ្លះថែមទាំងជួយទិញប្រភេទស្រូវដែលខ្លួនមិនសូវកិនជាអង្ករទៀតផង។ នេះបើតាមការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កាលពីម្សិលមិញថា លោក ឃឹម ហ្វីណង់ បានសរសេរលើបញ្ជាក់បណ្តាញសង្គមថា៖ «ពេលវេលានេះ មិនមែនជាពេលដែលវិទ្យុ បម្រើឱ្យបរទេសមួយចំនួនតូច បន្តផ្សព្វផ្សាយញុះញង់ កេងចំណេញនយោបាយនោះទេ តែជាពេលមូរដៃអាវធ្វើការរួមគ្នា ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ជួយនាំគ្នាផ្សព្វផ្សាយឱ្យត្រូវ ជំរុញឱ្យកសិករងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាជំនួសពូជស្រូវរបស់វៀតណាមវិញ ជាជាងទៅកាត់យកពាក្យសំដីត្រឹមតែជាង១នាទី នៃបទសម្ភាសជិត២០នាទី ហើយដាក់ចំណងជើងថា “រដ្ឋមន្ត្រីក្រសួងកសិកម្មស្តីបន្ទោសកសិករ” ក្នុងចេតនាព្យាយាមធ្វើឱ្យមានការយល់ច្រលំពីអត្ថន័យដើម និងបន្ទុចបង្អាក់ដល់ការបញ្ចូនសារដ៏មានសារៈសំខាន់របស់ឯកឧត្តមរដ្ឋមន្ត្រីជូនដល់បងប្អូនកសិករក្នុងកាលៈទេសៈដ៏ចាំបាច់មួយនេះ»

មន្ត្រីអ្នកនាំពាក្យរូបនេះបានបន្តថា៖ «ការបកស្រាយពន្យល់ពីស្ថានភាពថ្លៃស្រូវ អូអឹម មិនមែនជាការដោះសារ ឬការស្តីបន្ទោសដល់កសិករនោះទេ តែជាការវាយតម្លៃសភាពការណ៍យ៉ាងជាក់លាក់នៃទីផ្សារអង្ករលើសកលលោកពីសំណាក់អ្នកជំនាញ និងទទួលស្គាល់បញ្ហាដែលកំពុងមាន ដើម្បីផ្តល់ព័ត៌មាន ឱ្យបានត្រឹមត្រូវដល់បងប្អូនកសិកររួមគ្នាដោះស្រាយបញ្ហាភ្លាមៗ និងត្រៀមរៀបចំដំណោះស្រាយនាពេលអនាគត ជៀសវាងការខាតបង់ពីហានិភ័យទីផ្សារនៅរដូវក្រោយៗទៀត»