ភ្នំពេញ៖ អតីតអ្នកគាំទ្រយ៉ាងសកម្មនៃអតីតគណបក្សប្រឆាំង កញ្ញា បញ្ញា បានលើកឡើងថា៖ «ការចោទរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក ដែលមិនមែនជាស្ថាប័នអាជ្ញាធរមានសមត្ថកិច្ចលើករណីអំពើឃាតកម្ម លោក លិម គិមយ៉ា យ៉ាងប្រញាប់ប្រញាល់ ទាំងមុននិតិវិធីរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវបានបញ្ចប់ ក៏ដូចជាបានឆ្លងកាត់ការកាត់ក្តីរបស់តុលាកាបញ្ចប់ជាស្ថាពរនោះ ជាការកេងចំណេញនយោបាយដែលមានចរិតទុច្ចរិតដដែលៗ និងហួសហេតុ»។
យុវតី បញ្ញា បានលើកឡើងទៀតថា៖ «កាលពីពេលថ្មីនេះ មានករណីឃាតកម្មលើ លោក លិម គិមយ៉ា អតីតសមាជិកសភា នៃគណបក្សង្គ្រោះជាតិ នៅក្នុងទីក្រុងប៉ាងកក ប្រទេសថៃ ក្រុមជ្រុលនិយមមួយក្តាប់មានទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្ខពួក បំផុសបំផុលកាត់តប្រឌិតនូវព័ត៌មានក្លែងក្លាយបង្ហោះលើបណ្តាញសង្គមចោទប្រកាន់ទាំងស្រុងមកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារដោយគ្មានមូលដ្ឋាន»។
អតីតសកម្មជនបក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា៖ «ជុំវិញករណីឃាតកម្មលើ លោក លិម គិមយ៉ា នេះដែរ អាជ្ញាធរមានសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ប៉ុន្តែហេតុបុគ្គលទណ្ឌិតក្បត់ជាតិ៣ជំនាន់ និងបក្ខពួក នាំគ្នាប្រឌិតព័ត៌មានមិនពិតចោទប្រកាន់លើរាជរដ្ឋាភិបាល ចោទប្រកាន់មកលើសម្តេចតេជោយ៉ាងប្រញ៉ាប់ប្រញ៉ាលយ៉ាងដូច្នេះ»។
យុវតី បញ្ជា បានបញ្ជាក់បន្ថែមថា៖ «វាគ្មានអ្វីចម្លែកទេយើងបានដឹកហើយថា រឿងអាឌិតកាលកន្លងមក ក្រុមជ្រុលនិយមមួយក្តាប់តូចតែងតែយករឿងរ៉ាវអ្វីមួយធ្វើជាឡេះកេងចំណេញផ្នែកនយោបាយ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបកញ្ញាពិតជាមានអារម្មណ៍អាសូរមែនទែន ក្នុងនាមជាជនរួមឈាមតែមួយដែលមានគំនិតទុច្ចរិត ល្បិចកលនយោបាយយ៉ាងដូច្នេះ»។
ក្នុងនាមជាយុវជនម្នាក់ កញ្ញា បញ្ញា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបរួមគ្នា បន្សាបនូវព័ត៌មានក្លែងក្លាយ បន្សាបព័ត៌មានប្រឌិត ឬបន្សាបជនណាម្នាក់ ដែលមានគំនិតចង់បំផ្លិចបំផ្លាញប្រទេសជាតិខ្លួនដោយគ្មានមូលដ្ឋានតែម្តង៕