2025-01-13 18:31
42

កំពង់ស្ពឺ៖​ នាថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៥ នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ក្រុមហ៊ុន ឱ្យធ្វើការសិក្សាបន្ថែម លើការផលិតថាមពលអគ្គិសនី តាមរយៈធ្យូងអង្កាមសម្រាប់ផលិតស្រូវអង្ករ។

លោករដ្ឋមន្ត្រីលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺ អាជ្ញាធរខេត្ត  ស្រុកគងពិសី ចុះទស្សនកិច្ច​នៅរោងចក្រ អង្ករខ្មែរ​ ហ៊្វូត​ គ្រុប (KHMER FOODS GROUP) និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ ស្ថិតនៅស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឌិត ឌីណា បានចុះត្រួតពិនិត្យពីខ្សែច្រវ៉ាក់ផលិតកម្មរបស់រោងចក្រអង្ករ​ និងបានពិនិត្យមើលពីសណ្ឋានភាពទំហំស្តុកជាក់ស្តែង​សម្រាប់ជួយអន្តរាគមន៍ដល់ប្រជាកសិករដាំស្រូវ​។ លើសពីនេះ ​ឯកឧត្តម បានណែនាំដល់រោងចក្រអង្ករឱ្យមានការសិក្សាបន្ថែម ពីការទទួលយកថាមពលអគ្គីសនី ​តាមរយៈធ្យូងអង្កាម​សម្រាប់ផលិតកម្មស្រូវអង្ករ ​ពិចារណាក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការវិនិយោគសំដៅកាត់បន្ថយថ្លៃដើមផលិត​ និងជួយគាំទ្រវិស័យកសិកម្ម​ផ្សាភ្ជាប់ឧស្សាហកម្ម​។

លោករដ្ឋមន្ត្រី ក៏បានដឹកនាំក្រុមការងារបន្តជួបសំណេះសំណាល ជាមួយសហគមន៍កសិករព្រៃវិហារ​ ដែលមានសមាជិក ​៩៤៥ នាក់​ ធ្វើទៅលើផលិតកម្មបន្លែ​ និងការដាំស្រូវវស្សាសម្រាប់អាជីវកម្ម។ ទន្ទឹមនឹងនេះ​ ឯកឧត្តមបានលើកទឹកចិត្តដល់សហគមន៍ ឱ្យពិនិត្យលទ្ធភាពក្នុងការជំរុញទៅជាសហគមន៍កសិកម្មទំនើប ​ដែលមានទុនគ្រប់គ្រាន់​ មានប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប​ មានផែនការផលិតច្បាស់លាស់​ មានការគាំទ្រពីក្រសួងកសិកម្ម​ និងមានទីផ្សារពិតប្រាកដ។

ឯកឧត្តម ឌិត ឌីណា រដ្ឋមន្ដ្រី​កសិកម្ម បានលើកឡើងដោយគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់​ និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការប្រើប្រាស់​ពូជស្រូវខ្មែរ ​រួមមាន៖ ពូជស្រូវសែនក្រអូប និងផ្ការំដួល​ ដែលបានរក្សានូវតម្លៃទីផ្សារបានយ៉ាងល្អ​ មានតម្រូវការទីផ្សារខ្ពស់​ និងមានការអន្តរាគមន៍ពីក្រសួងកសិកម្ម​ផ្ទាល់​ ជាជាងការដាំពូជស្រូវដែលនាំចូលពីបរទេស។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ដ្រី ​ក៏បានលើកទឹកចិត្តឱ្យប្រជាកសិករពិចារណារួមគ្នាក្នុងការឆ្លើយតប​ឱ្យចំគោលដៅ​ និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយទៅលើអ្នកកេងចំនេញ ដើម្បីប្រជាប្រិយ​ភាព និងអ្នកកេងចំណេញប្រយោជន៍ន​យោបាយ​តាមបណ្តាញសង្គម ដោយបានយក​ផលលំបាករបស់ប្រជាកសិករ ​និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលធ្វើជាអាជីវកម្ម​ និងបង្កើនភាពល្បីល្បាញរបស់ខ្លួន​ផងដែរ៕