2025-01-13 22:05
16

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានថ្លែងបញ្ជាក់ថា៖ «ជាមធ្យមក្នុង១ឆ្នាំ ព្រះរាជអាជ្ញាម្នាក់ ចាត់ការបានសំណុំរឿងប្រមាណ ២០៨ សំណុំរឿង ដែលជាអត្រាខ្ពស់មែន និងសំណុំរឿងដែលចាត់ការដោយចៅក្រមមានសំណុំរឿងព្រហ្មទណ្ឌ សំំណុំរឿងរដ្ឋប្បវេណី មិនរាប់បញ្ចូលសំណុំរឿងដែលចាត់ការដោយអយ្យការក្នុងចៅក្រមម្នាក់ ចាត់ការបាន ចំនួន ២៨៤ សំណុំរឿង»

នេះបើតាមការលើកឡើងរបស់ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការនៃក្រសួងយុត្តិធម៌។

លោក កេង សុម៉ារិទ្ធ បានបញ្ជាក់ថា៖ «គិតក្នុងរយៈពេល១ឆ្នាំ សាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស មានសំណុំរឿងប្រមាណជិត ៣ ម៉ឺនសំណុំរឿង (ចំនួន ២២៩ ២៧២ សំណុំរឿង) ទាំងសំណុំរឿងចាស់ និងសំណុំរឿងថ្មី មានទាំងសំណុំរឿងព្រហ្មទណ្ឌ សំណុំរឿងរដ្ឋប្បវេណី។ ក្នុងចំណោមសំណុំរឿងជាង ២ម៉ឺន ២៩ពាន់នេះ សាលាជម្រះក្តី និងអង្គការអយ្យការសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសចាត់ការបានសំណុំរឿងសរុប ចំនួន ១៨៨ ៩៤២ សំណុំរឿងស្នើនឹង ៨២,៤១ ភាគរយ នៃសំណុំរឿងសរុប»

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា៖ «ក្នុងចំណាក់ការទាំងអស់នេះ មានសំណុំរឿងព្រហ្មទណ្ឌដែលសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ចាត់បាន ១០១ ៧១២ សំណុំរឿង ស្មើនឹង ៨៤,១៤ ភាគរយ នៃសំណុំរឿងព្រហ្មទណ្ឌសរុប និងសំណុំរឿងរដ្ឋប្បវេណីចាត់ការបាន ចំនួន ៨៧៧៣០ សំណុំរឿង ស្មើនឹង ៨០,៤៣ ភាគរយ នៃសំណុំរឿងរដ្ឋប្បវេណីសរុបផងដែរ» 

លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងទៀតថា៖ «សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស បានខិតខំដោះស្រាយវិវាទជូប្រជាពលរដ្ឋ ដោយធ្វើការផ្សះផ្សារវិវាទឱ្យសះជានឹងគ្នាក្នុងសំណុំរឿងរដ្ឋប្បវេណីបាន ចំនួន ៣៧៦ ករណីផងដែរ។ នេះជាការរួមចំណែកក្នុងការដោះស្រាយវវាទតាមវិធីសាស្ត្រមិនកាត់ក្តីស្របតាមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ តែម្តង»