2025-01-14 13:51
16

ប្រសិនបើអ្នកចង់ដើរលេង ឬប្រើបន្ទប់ទឹកនៅ Starbucks អ្នកនឹងត្រូវទិញអ្វីមួយជាមុនសិន។ 

ពេលនេះក្រុមហ៊ុន Starbucks កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនកំពុងតែធ្វើការផ្លាស់ប្តូរគោលការណ៍ចំពោះអតិថិជនគ្រប់គ្នា ដែលបានចូលទៅក្នុងហាងរបស់ខ្លួន។ 

ដោយក្នុងនោះ Starbucks បានបង្កើតនូវច្បាប់ថ្មី ដែលនឹងត្រូវបានបង្ហោះនៅក្នុងហាងនៅអាមេរិកខាងជើងដែលគ្រប់គ្រងដោយក្រុមហ៊ុនទាំងអស់ត្រូវតែធ្វើការអនុវត្តឲ្យបានគ្រប់ៗគ្នាផងដែរ។ 

ដោយក្នុងនោះ ក៏មាននូវការហាមប្រាមចំពោះការរើសអើង ឬការបៀតបៀន ការទទួលទានគ្រឿងស្រវឹងខាងក្រៅ ការជក់បារី ការជក់បារីអេឡិចត្រូនិច ការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុសច្បាប់ជាដើម។

អ្នកនាំពាក្យរបស់ Starbucks បាននិយាយថា ច្បាប់ថ្មីនេះត្រូវបានរចនាឡើងដើម្បីជួយផ្តល់អាទិភាពដល់អតិថិជនដែលបង់ប្រាក់។ 

ហើយចំពោះករណីដែលអតិថិជនណាមួយដែលមានការបំពានចំពោះច្បាប់ដែលបានចែងដូចខាងលើនេះ នឹងត្រូវបានស្នើសុំឱ្យចាកចេញ ហើយអាចនឹងឈានទៅដល់ការអនុវត្តតាមផ្លូវច្បាប់ប្រសិនបើចាំបាច់។ ក្រុមហ៊ុន Starbucks បាននិយាយថា និយោជិតនឹងទទួលបានការបណ្តុះបណ្តាលស្តីពីការអនុវត្តគោលនយោបាយថ្មីនេះ។

គួរបញ្ជាក់ថា ចំពោះច្បាប់ថ្មីនេះគឺផ្ទុយពីគោលនយោបាយបើកចំហរដែល Starbucks បានដាក់ចេញក្នុងឆ្នាំ ២០១៨ បន្ទាប់ពីបុរសស្បែកខ្មៅពីរនាក់ត្រូវបានចាប់ខ្លួននៅឯ Philadelphia Starbucks ជាកន្លែងដែលពួកគេបានទៅជួបប្រជុំធុរកិច្ច។ 

ហើយក្នុងហាងនីមួយៗ មានគោលការណ៍ក្នុងការសុំឱ្យអតិថិជនដែលមិនបង់ប្រាក់ និងមិនបានទិញអ្វីសោះឱ្យចាកចេញ ហើយបុរសទាំងនោះមិនបានទិញអ្វីទាំងអស់។

ដូច្នេះហើយបានជា Starbucks ត្រូវអនុវត្តតាមផ្លូវច្បាប់ ប៉ុន្តែចំពោះការចាប់ខ្លួបុរសទាំងនោះ ត្រូវបានគេថតតាមវីដេអូ ដែលគឺជាការអាម៉ាស់ដ៏ធំមួយសម្រាប់ក្រុមហ៊ុន Starbucks ផងដែរ។

ចាប់តាំងពីកើតមាននូវហេតុការណ៍នេះមក បុគ្គលិកនិងអតិថិជនផ្សេងទៀតបានតស៊ូជាមួយនឹងអាកប្បកិរិយាមិនសមរម្យ និងគ្រោះថ្នាក់នៅក្នុងហាង Starbucks ។

ហើយក្នុងឆ្នាំ ២០២២ Starbucks បានបិទហាងចំនួន ១៦ នៅទូទាំងប្រទេស រួមទាំងប្រាំមួយនៅទីក្រុង Los Angeles និងប្រាំមួយនៅក្នុងទីក្រុង Seattle របស់ខ្លួន សម្រាប់បញ្ហាសុវត្ថិភាពម្តងហើយម្តងទៀត រួមទាំងការប្រើប្រាស់គ្រឿងញៀន និងអាកប្បកិរិយារំខានផ្សេងទៀតដែលគំរាមកំហែងទៅដល់បុគ្គលិកហាងផងដែរ។

ហើយចំពោះគោលបំណងនៃការបង្កើតច្បាប់ថ្មីនេះ គឺដើម្បីជាផ្នែកមួយនៃការជំរុញដោយប្រធាន និងនាយកប្រតិបត្តិថ្មីរបស់ Starbucks គឺលោក Brian Niccol ដើម្បីពង្រឹងការលក់ធ្លាក់ចុះរបស់ខ្សែសង្វាក់ឡើងវិញ។