ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២៥ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា ក្នុងទំហំទឹកប្រាកើ ៥០០ ០០០ ០០០ ០០០ រៀល (ប្រាំរយប៊ីលានរៀល) ស្មើនឹងប្រហែលជាង ១២០ លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច។
ក្រសួងបានបញ្ជាក់ថា៖ «អនុលោមតាមច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងក្របខ័ណ្ឌគោលនយោបាយ ស្តីពី ការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល, សម្រាប់ឆ្នាំ២០២៥ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform - NBCP) ក្នុងទំហំ ៥០០ ០០០ ០០០ ០០០ (ប្រាំរយប៊ីលាន) រៀល»។
គម្រោងការបោះផ្សាយលក់មូលបត្ររដ្ឋនេះ សម្រាប់ព័ត៌មានលម្អិតមានដូចតទៅ៖ ក៖ តម្លៃចារឹកក្នុងមួយប័ណ្ណ៖ ១ ០០០ ០០០ (មួយលាន) រៀល។ ខ៖ ប្រភេទមូលបត្រ៖ ឥណប្រតិទាន ១ឆ្នាំ, ២ឆ្នាំ, ៣ឆ្នាំ, ៥ឆ្នាំ, ១០ឆ្នាំ, និង ១៥ឆ្នាំ។ គ៖ ប្រភេទអត្រាគូប៉ុង៖ ថេរ។ ឃ៖ ការទូទាត់គូប៉ុង៖ រៀងរាល់ ៦ ខែម្តង ដោយគិតចាប់ពីថ្ងៃបោះផ្សាយ។ ង៖ មូលដ្ឋានរាប់ថ្ងៃ៖ Actual/Actual។ ច៖ ការសងប្រាក់ដើម៖ ទូទាត់សងនៅចុងឥណប្រតិទាន។ ឆ៖ វិធីសាស្ត្រដេញថ្លៃ និងចំនួនស្នើដេញថ្លៃ៖ Multiple Price Auction & Multiple Bids។ ជ៖ គម្លាតនៃការបោះផ្សាយ៖ ៤ សប្តាហ៍ម្តង និង ឈ៖ ទំហំគ្រោងបោះផ្សាយ (Indicative Amount)៕