2025-01-14 11:57
17

(ដូហា)៖ ក្រុមអ្នកចរចានឹងត្រូវជួបប្រជុំគ្នា នៅក្នុងទីក្រុងដូហា ប្រទេសកាតានាថ្ងៃអង្គារ ទី១៤ ខែមករា នេះ ដើម្បីបង្ហើយសេចក្ដីលម្អិតនៃផែនការមួយដើម្បីបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជិតសម្រេចបានជាលទ្ធផលផ្លែផ្កា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារ ព័ត៌មាន Reuters។

ក្រុមអ្នកចរចាបានផ្ដល់ឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាសនូវសេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃចន្ទ ក្រោយកិច្ចចរចាដែលមានការចូលរួមតាំងពីបេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ 

«កិច្ចព្រមព្រៀង...នឹងដោះលែងចំណាប់ខ្មាំង បញ្ឈប់ការវាយប្រយុទ្ធគ្នា ធានាសន្តិសុខដល់អ៊ីស្រាអែល និងអនុញ្ញាតឱ្យពួកយើងបង្កើនលំហូរជំនួយមនុស្សធម៌ទៅកាន់ប្រជាជនប៉ាឡេស្ទីន ដែលរងការឈឺចាប់នៅក្នុងសង្រ្គាមនេះ ដែលហាម៉ាសជាអ្នកចាប់ផ្ដើម»។ 

នេះជាការគូសបញ្ជាក់របស់លោក បៃដិន ក្នុងសុន្ទរកថាមួយស្ដីពីសមិទ្ធផលនៃគោលនយោបាយការបរទេសដែលលោកសម្រេចបាន។

គួរបញ្ជាក់ថាប្រសិនបើជោគជ័យពិតមែនកិច្ចព្រមព្រៀងបទឈប់បាញ់នឹងនាំទៅរក ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅសេសសល់ដែលកំពុងជាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា ខណៈបើតាមក្រុមមន្ត្រី អ៊ីស្រាអែល នៅមានចំណាប់ខ្មាំង ៩៨នាក់ទៀតកំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស៕