ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នេះ បានសម្រេចចោទប្រកាន់អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវ ៦០ ម៉ែត្រ បណ្តាលឱ្យមនុស្ស ចំនួន ០៣ នាក់ ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ ការចោទប្រធ្វើឡើងបន្ទាប់សមត្ថកិច្ចបានឃាត់ខ្លួនជនបង្ក និងកសាងសំណុំរឿង បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ជនត្រូវចោទមានឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ ៤៤ឆ្នាំ ជាអ្នកបើកបររថយន្ត ម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2BS-1023 ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹង មានកម្រិតជាតិអាល់កុល ០.៤៦Mg/L បានរេចង្កូតមកឆ្វេងចូលចំណែកផ្លូវនៃយានម្ខាងទៀត ទៅបុកនឹងម៉ូតូមួយគ្រឿង ម៉ាក HONDA CLICK ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ 1II-2330 ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ហេង រតនា ភេទប្រុស អាយុ ២៩ឆ្នាំ និងកូន ចំនួន ០២ នាក់ ដែលជាអ្នករួមដំណើរ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។
ប្រភពបានឱ្យដឹងទៀតថា ចំណែកអ្នករួមដំណើរម្នាក់ទៀត មានឈ្មោះ នន ចន្ទលក្ខណា ភេទស្រី អាយុ ២៤ឆ្នាំ ដែលត្រូវជាប្រពន្ធ រងរបួសធ្ងន់ កំពុងសង្គ្រោះ។
សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ វេណេម៉ោង ១៧និង៣៥នាទី ស្ថិតលើផ្លូវ ៦០ ម៉ែត្រ ប្រសព្វផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពីបានសាកសួរ និងពិនិត្យភស្តុតាងនានា តំណាងអយ្យការសម្រេចចោទប្រកាន់អ្នកបើកបររថយន្ត ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ ៤៤ឆ្នាំ (ឃាត់ខ្លួន) ពីបទ៖ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃ ស្លាប់ និងរបួស» តាមបទប្បញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ និង គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ និង គ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕