2025-01-13 21:33
16

ភ្នំពេញ៖ ជនអន្តោសន៍វៀតណាម ចំនួន ១៤ នាក់ (ស្រី០១នាក់) ដែលលួចឆ្លងដែនមកស្នាក់នៅ ធ្វើការដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា ព្រមទាំងមានការពាក់ព័ន្ធ បទល្មើសកាន់កាប់អាវុធដោយខុសច្បាប់ និងប្រើប្រាស់នូវសាធាតុញៀន ត្រូវបានសមត្ថកិច្ចនគរបាលនាយដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធីប្រចាំខេត្តព្រះសីហនុ ឃាត់ខ្លួន និងបំពេញបែបបទបញ្ជូនទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។

ការបណ្តេញចេញជនអន្តោប្រវេសន៍វៀតណាម ខាងលើ ធ្វើឡើងនៅថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំ រោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង ១១និង១០នាទីព្រឹក តាមប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិព្រែកចាក សហការណ៍ជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីប្រចាំខេត្តព្រះសីហនុ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ជនជាតិវៀតណាមទាំង១៤នាក់ បានឆ្លងដែនមកស្នាក់នៅ និងធ្វើការនៅកម្ពុជា ដោយគ្មានលិខិតឆ្លងដែន ចំនួន ១៣ នាក់ (ស្រី០១នាក់) និងពាក់ព័ន្ធបទល្មើស «កាន់កាប់អាវុធគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយសារធាតុញៀន» ដោយបានប្រគល់ទៅឱ្យប៉ុស្តិ៍យោធាការពារព្រំដែនអន្តរជាតិហាទៀន នៃប្រទេសវៀតណាម៕