ភ្នំពេញ៖ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលអូសន្លាយការប្រយុទ្ធគា្នគ្មានស្រាកស្រាន្ត សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុនប្បន្នប្រធានព្រឹទ្ធសភាបានបញ្ចេញនូវទស្សននយោបាយ និងមតិយោបលក្នុងរឿងជម្លោះប្រដាប់អាវុធនោះថា៖ «មានតែមេដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចសម្រេចចិត្តបានថាតើគួរចរចា ឬមិនចរចា មិនមែនប្រមុខណាតូ ឬប្រទេសផ្សេងឡើយ។ មិត្តភក្តិបរទេសគួរលើកទឹកចិត្តឲ្យភាគីទាំងពីររកតុចរចាជាជាងរារាំងការចរចា និងលើកទឹកចិត្តឲ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់» សម្តេចតេជោបានបញ្ជាក់ថា៖ «ជាបទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាព និងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ។»។
នេះជាការលើកឡើងរបស់សម្តេចតេជោ នារាត្រីថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ លើទំព័រហ្វេសប៊ុកផ្លូវការ ដោយសរសេរជាភាសាខ្មែរ និងភាសាអង់គ្លេសផងដែរ។
សម្តេចតេជោបានសរសេរសារយ៉ាងដូច្នេះថា ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមាន ថ្ងៃ២០ មករា ២០២៥ ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើន ទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានការចរចាសន្តិភាព។
ថ្មីៗនេះប្រមុខណាតូ បាននិយាយថា “អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីទេ”។
ចំណុចនេះ សម្តេចេជោ ហ៊ុន សែន បានលើកឡើងថា៖ «ប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO ចង់សំដៅលើសភាពការលើសមរភូមិយោធាដែលអ៊ុយក្រែនកំពុងចាញ់ប្រៀប»។
សម្តេចតេជោ បានលើកឡើងទៀតថា៖ «តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង?»។
សម្តេចតេជោ បានបញ្ជាក់ក្នុងសំណេរថា៖ «សម្រាប់ខ្ញុំប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សឹបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។
គ្មានពេលដែលអ៊ុយក្រែនយកប្រៀបលើសមរភូមិយោធាបានទេ កុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀតក៏សភាពការវានៅតែប៉ុណ្ណឹង»។
ការជាក់ស្តែងរយៈពេលកន្លងមកនេះ កម្លាំង NATO និង EU ក៏ដូចជាអាមេរិកបានចូលរួមប្រយុទ្ធរួចទៅហើយ តាមរយៈការផ្តល់អាវុធគ្រប់ប្រភេទ ហិរញ្ញវត្ថុនិងភស្តុភារក៏ដូចជានយោបាយ និងការទូតដើម្បីប្រយុទ្ធជាមួយរុស្ស៊ី តែសភាពការកាន់តែអាក្រក់មិនគ្រាន់តែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅអឺរ៉ុបខ្លួនឯង និងពិភពលោកដោយសារអាវុធទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ នយោបាយទណ្ឌកម្មនេះប្រៀបដូចជា «ច្របាច់ករុស្ស៊ី លៀនអណ្តាតអឺរ៉ុបខ្លួនឯង»។
នេះជាទស្សនរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «បទពិសោធន៍ដែលកម្ពុជា បានឆ្លងកាត់គឺចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ។
មិត្តភក្តិបរទេសគួរលើកទឹកចិត្ត ឲ្យចរចាជាជាងរារាំងការចរចា និងលើកទឹកចិត្តឲ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់។
បទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាព និងរក្សាសន្តិភាពគឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ។
ខ្ញុំគិតថា ករណីអ៊ុយក្រែនក៏ដូចគ្នា គឺមានតែមេដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចសម្រេចចិត្តបានថា តើគួរចរចា ឬមិនចរចាមិនមែនប្រមុខណាតូ ឬប្រទេសផ្សេងឡើយ»៕